ក្លិប Man UTD នៅក្របខណ្ឌ Premier League បានសម្រេចជោគជ័យក្នុងការចុះហត្ថលេខាលើខ្សែការពារ Matthijs de Ligt និង Noussair Mazraoui ពីក្លិបអាល្លឺម៉ង់ Bayern Munich។ នេះបើតាមការប្រកាសពីក្លិបទាំង២ដោយផ្ទាល់។
Matthijs de Ligt ជនជាតិហូឡង់បានចុះកិច្ចសន្យាជាមួយ Man UTD រយៈពេល៥ឆ្នាំ ពោលគឺនៅដល់ឆ្នាំ២០២៩ ខណៈ Noussair Mazraoui ជនជាតិម៉ារ៉ុក បានចុះកិច្ចសន្យា ចំនួន៤ឆ្នាំ ដោយលេងដល់ឆ្នាំ២០២៨។ កីឡាករទាំង២ក៏មានជម្រើសបន្លាយកិច្ចសន្យារយៈពេល១ឆ្នាំបន្ថែមទៀតដែរ។
ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេស បានរាយការណ៍ថា Man UTD បានយល់ព្រមលើតម្លៃផ្ទេរកីឡាករទាំង២ប្រមាណ៦០លានផោន ដោយក្នុងនោះ ៣៨,៥ លានផោន បូករួមថ្លៃចំណាយនានា ៤,៣ លានផោនគឺជាថ្លៃផ្ទេរទៅលើ Matthijs de Ligt ។
Man UTD មានគោលបំណងនាំយកខ្សែការពារទាំង២រូបដើម្បីមកពង្រឹងក្រុម ខណៈវត្តមានរបស់ Mazraoui គឺដើម្បីត្រៀមជំនួស Aaron Wan-Bissaka បានចាកចេញទៅកាន់ West Ham United។
កន្លងមក Matthijs de Ligt និង Mazraoui បានចាប់ដៃគូគ្នាលេងនៅតំបន់ខាងក្រោមជាមួយអ្នកចាំទី Andre Onana ដែលពួកគេធ្លាប់លេងជាមួយគ្នាបានយ៉ាងល្អកាលនៅ Ajax ហើយដែលពួកគេបានស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag នៅពេលនោះ។ ឥឡូវនេះ លោក Erik ten Hag បានព្យាយាមនាំយកកីឡាករសំខាន់ៗរបស់លោក មករួមការងារសាជាថ្មីនៅ Man UTD។
Matthijs de Ligt បានចូលរួមជាមួយ Juventus កាលឆ្នាំ ២០១៩ ក្នុងតម្លៃ៦៧,៥លានផោន ហើយ បានឈ្នះពាន Serie A និង Copa Italia ក្នុងការបង្ហាញខ្លួន១១៧ ប្រកួត។ គេបានទៅចូលរួមជាមួយ Bayern Munich ក្នុងតម្លៃ ៦៥,៦លានផោន កាលឆ្នាំ២០២២ ដោយបានបង្ហាញខ្លួន សរុប៧៣ប្រកួតនិងជួយ Bayern Munich ឈ្នះពាន Bundesliga ផងដែរ។ រីឯ Noussair Mazraoui បានចូលរួមជាមួយ Bayern Munich ក្រោយផ្លាស់ចេញពីក្លិប Ajax នៅឆ្នាំ២០២២ ដោយបង្ហាញខ្លួនបាន៥៥ដង ស៊ុតបញ្ចូលទីបាន១គ្រាប់ផងដែរ៕