សារព័ត៌មាន Metro នៅអង់គ្លេសបានរាយការណ៍អោយដឹងថា ខ្សែបម្រើ Luis Diaz អាចចាកចេញពី ក្លិប Liverpool ទៅចូលរួមជាមួយក្លិបនៅក្របខណ្ឌ Premier League ជាមួយគ្នានោះគឺក្លិប Man City នាពេលឆាប់ខាងមុខនេះ។
ទាំងក្លិប Man City និង Liverpool កំពុងចរចា ហើយកំពុងមានលទ្ធផលល្អចំពោះរឿងផ្ទេរ កីឡាករកូឡុំប៊ី វ័យ២៧ឆ្នាំ ក្នុងតម្លៃប្រមាណ ៧០លានផោន។
ពត៌មាននៃការចង់ផ្លាស់ប្តូរ Luis Diaz បានកើតឡើង ក្រោយក្លិប Man City បានផ្ទេរចេញខ្សែប្រយុទ្ធ Julian Alvarez ទៅ Atletico Madrid កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
ទោះយ៉ាងណា ខណៈពេលនេះ សាមីកីឡាករ មិនទាន់ចេញមុខនិយាយអ្វីដែរទាក់ទងនឹងការផ្សព្វផ្សាយអំពីការផ្លាស់ប្តូររូបគេនោះដែរ។
ដំណឹងនៃការផ្ទេរ Luis Diaz កំពុងធ្វើអោយមានការចាប់អារម្មណ៍ ព្រោះកាលពីខែមេសាកន្លងទៅ រូបគេបាននិយាយថា នឹងមិនមានចេតនាផ្ទេរចេញពី Liverpool នោះទេ។ ណាមួយ Liverpool ទើបតែផ្លាស់ប្ដូរគ្រូបង្វឹកពីលោក Jurgen Klopp ទៅលោក Arna Slot គួបផ្សំការណ៍ដែលក្លិបមិនទាន់នាំចូលកីឡាករសំខាន់ៗណាមួយសោះ គិតមកពេលនេះ ដែលធ្វើអោយភាពប្រកួតប្រជែងរបស់ក្រុមស្ថិតនៅក្នុងភាពមិនច្បាស់លាស់។
សូមបញ្ជាក់ថា Luis Diaz គឺជាកីឡាករសំខាន់មួយរបស់ Liverpool ដោយបានផ្ទេរពីក្លិបព័រទុយហ្កាល់ Porto មកកាន់ទឹកដី Anfield កាលពីឆ្នាំ ២០២១។ រូបគេបានបង្ហាញខ្លួនសរុប ៩៨ ប្រកួត និងស៊ុតចូលចំនួន ១៣ គ្រាប់អោយ Liverpool និងបានឈ្នះពានរង្វាន់ដូចជា FA Cup ១ដង EFL Cup ២ដង និង FA Community Shield ១ដងផងដែរ៕