ក្រោយទើបនាំចូលខ្សែការពារ ២រូបពីក្លិបអាល្លឺម៉ង់ Bayern Munich គឺកីឡាករ Matthijs de Ligt និង Noussair Mazraoui រួចមក ពេលនេះ ក្លិប Man UTD ជិតទិញបានខ្សែបម្រើ Manuel Ugarte ពីក្លិបបារាំង Paris Saint Germain មកបន្ថែមទៀតហើយ។
សារពត៌មាន Skysport អោយដឹងថា កីឡាករអ៊ុយរូហ្កាយ បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនហើយ នៅតែការចរចាគ្នារឿងតម្លៃផ្ទេររវាង ក្លិប Man UTD និងក្លិប Paris Saint Germain។ តម្លៃផ្ទេរនេះស្ថិតក្នុងចន្លោះប្រមាណ ៦០លានអឺរ៉ូ តែ Man UTD ចង់បានតម្លៃទាបជាងនេះ។
Manuel Ugarte វ័យ២៣ឆ្នាំ ត្រូវចាត់ទុកជាកីឡាករសំខាន់មួយរូបរបស់ ក្លិប Paris Saint Germain ដោយរដូវកាលមុន រូបគេបង្ហាញខ្លួនចំនួន ៣៧ ប្រកួត។
ដោយឡែក Man UTD ក្រោមការដឹកនាំរបស់សហម្ចាស់ក្លិបថ្មី លោក Jim Ratcliffe បានខិតខំ នាំចូលកីឡាករថ្មីៗពីទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ជាក់ស្តែង កាលពីខែមុន Man UTD បាននាំចូលខ្សែប្រយុទ្ធហូឡង់ Joshua Zirkzee ពីក្លិបអ៊ីតាលី Bologna ដោយចុះកុងត្រារយៈពេល ៥ ឆ្នាំ អមដោយជម្រើសតមួយឆ្នាំបន្ថែមទៀត។ ក្លិបបិសាចក្រហម ក៏ទិញបានខ្សែការពារ បារាំង Leny Yoro ពីក្លិប Lille។ ថ្មីៗនេះ Man UTD ទើបតែជោគជ័យក្នុងការនាំចូល Matthijs De Ligt និង Noussair Mazraoui ពី Bayern Munich ។ កីឡាករទាំងពីរសុទ្ធតែមានកុងត្រារយៈពេលវែងក្នុងការលេងនាទឹកដី Old Trafford។
ទន្ទឹមនឹងនេះដែរ ក្លិប Man UTD ជិតធ្វើបានសម្រេចក្នុងការតកុងត្រាថ្មី អោយកីឡាករឆ្នើមគឺ ខ្សែបម្រើ Bruno Fernandes រហូតដល់ឆ្នាំ ២០២៧ ជាមួយនឹងជម្រើសតដល់ឆ្នាំ ២០២៨។ បើមិនមានអ្វីប្រែប្រួល កុងត្រាថ្មីនេះនឹងត្រូវបានចុះហត្ថលេខានាពេលឆាប់ៗ មុនបិទបញ្ចប់រដូវកាលដោះដូរកីឡាករនាដំណាច់ខែនេះ៕