ខ្សែបម្រើការពារ Manuel Ugarte ត្រូវបានរាយការណ៍ថា ខិតកាន់តែកៀកក្នុងការផ្លាស់ចេញពី ក្លិប Paris Saint Germain មកចូលរួម ក្លិប Man UTD។
កីឡាករវ័យ២៣ឆ្នាំ ត្រូវបានមើលឃើញថា មិនមានឈ្មោះក្នុងបញ្ជីកីឡាករ Paris Saint Germain ដើម្បីលេងប្រកួតបើករដូវកាលលីគកំពូលបារាំង Ligue 1 ជាមួយក្លិប Le Havre។
ជាទូទៅក្នុងអំឡុងពេលទីផ្សារដោះដូរ ការមិនដាក់ឈ្មោះកីឡាករណាមួយក្នុងបញ្ជីកីឡាករគឺជាសញ្ញា ដែលបញ្ជាក់ពីចេតនារបស់ក្លិប ឬកីឡាករចង់ចែកផ្លូវគ្នា។
Ugarte មានចិត្តចង់ផ្ទេរចេញពី PSG ដើម្បីទៅចូលរួមជាមួយ Man UTD ដោយកំពុងជម្រុញអោយមានការចរចារឿងតម្លៃផ្ទេរ ដោយខាង PSG ចង់បាន ចន្លោះប្រមាណ ៦០លានអឺរ៉ូ តែ Man UTD ចង់បានតម្លៃទាបជាងនេះ។
Manuel Ugarte បានបង្ហាញទម្រង់លេងយ៉ាងល្អអោយ Paris Saint Germain កាលពីរដូវកាលកន្លងទៅ រូបគេលេងសរុបអោយក្លិបបារាំងចំនួន ៣៧ ប្រកួត។ មុនមកលេងជាមួយ Paris Saint Germain នេះ Manuel Ugarte បានលេងចំនួន ២ រដូវកាលអោយក្លិបព័រទុយហ្គាល់ Sporting CP ហើយលេងនៅទីនោះសរុប ៨៥ ប្រកួត។
ដោយឡែក Man UTD ក្រោមការដឹកនាំរបស់សហម្ចាស់ក្លិបថ្មី លោក Jim Ratcliffe បានខិតខំ នាំចូលកីឡាករថ្មីៗពីទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ជាក់ស្តែង កាលពីខែមុន Man UTD បាននាំចូលខ្សែប្រយុទ្ធហូឡង់ Joshua Zirkzee ពីក្លិបអ៊ីតាលី Bologna ដោយចុះកុងត្រារយៈពេល ៥ ឆ្នាំ អមដោយជម្រើសតមួយឆ្នាំបន្ថែមទៀត។ ក្លិបបិសាចក្រហម ក៏ទិញបានខ្សែការពារ បារាំង Leny Yoro ពីក្លិប Lille។ ថ្មីៗនេះ Man UTD ទើបតែជោគជ័យក្នុងការនាំចូល Matthijs De Ligt និង Noussair Mazraoui ពី Bayern Munich ។ កីឡាករទាំងពីរសុទ្ធតែមានកុងត្រារយៈពេលវែងក្នុងការលេងនាទឹកដី Old Trafford៕