ក្លិប Chelsea មានបំណងដាក់សំណើកីឡាករយុវជនថ្នាលពីររូបជាមួយកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើ Jadon Sancho ពី ក្លិប Man UTD។
កីឡាករអង់គ្លេស នៅតែមិនទាន់ទទួលបានលទ្ធផលជាផ្លែផ្កាល្អនៅឡើយទេ ខណៈរូបគេកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ នៅក្រោមការដឹកនាំរបស់ គ្រូបង្វឹកលោក Erik ten Hag ក្រោយពីរូបគេវិលត្រលប់ពីលេងក្នុង លក្ខណ្ឌខ្ចីជើងនៅ Dortmund វិញ។
ទោះយ៉ាងណា សម្រាប់ការចង់បាន Jadon Sancho ពីសំណាក់ក្លិប Chelsea នេះត្រូវបាននាយកផ្នែកកីឡារបស់ក្លិប Man UTD លោក Dan Ashworth អះអាងថា ក្លិបនឹងបញ្ចេញកីឡាករ វ័យ២៤ឆ្នាំ នៅក្នុងតម្លៃមួយសមស្របតាមការចង់បានរបស់ក្លិបប៉ុណ្ណោះ។
Chelsa ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Enzo Maresca បានចុះហត្ថលេខាលើខ្សែបម្រើថ្មីម្នាក់រួចហើយគឺ Pedro Neto ប៉ុន្តែ បុរសជនជាតិអ៊ីតាលី អាចនាំយកកីឡាករម្នាក់ទៀតប្រសិនបើ Noni Madueke ចាកចេញពីទឹកដី Stamford Bridge ។
រីឯ Sancho វិញ Chelsea ក៏បានត្រៀមខ្លួនរួចរាល់ទៅលើប្រាក់ឈ្នួលរបស់គេ ដោយត្រៀមផ្តល់អោយរូបគេក្លាយជាកីឡាករមានប្រាក់ចំណូលខ្ពស់បំផុតនិងច្រើនជាងពេលដែលរូបគេលេងជាមួយ Man UTD ទៅទៀត។
Jadon Sancho បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ បានបង្ហាញខ្លួនសម្រាប់ការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលប៉ុន្តែបានខកខានក្នុងការរកគ្រាប់បាល់កាត់សេចក្តីពេល Man UTDបរាជ័យពានបើករដូវកាល Community Shield ជាមួយ Man City ៕