គ្រូបង្វឹក លោក Erik ten Hag បានបង្ហាញការមិនពេញចិត្ត ចំពោះទម្រង់លេងរបស់កីឡាករ Man UTD បើទោះបីជាក្រុមបិសាចក្រហមរបស់លោក បានយកឈ្នះ ក្រុម Fulham ក្នុងជំនួបបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ កាលពីចុងសប្តាហ៍កន្លងទៅ ដោយថា កូនក្រុមបានធ្វើអោយរបូតឱកាស រកគ្រាប់បាល់ច្រើនលើក។
ជាការពិត ជ័យជំនះរបស់ Man UTD កើតឡើងនៅចុងម៉ោងទៅហើយ ពោលគឺនៅនាទី៨៧ ដែលជាការស៊ុតពីសំណាក់ខ្សែប្រយុទ្ធ Joshua Zerkzee ដែលទើបបង្ហាញខ្លួនដំបូង ក្រោយផ្ទេរមកពីក្រុមអ៊ីតាលី Bologna ។
យ៉ាងណា លទ្ធផលនេះ បានធ្វើអោយ ក្តីរំពឹងខ្ពស់របស់អ្នកគាំទ្រនាកីឡដ្ឋាន Old Trafford ហាក់បីជាថមថយបន្តិចទៅវិញ ក្រោយពីពួកគេបានឃើញការប្រកួតដំបូង រួមទាំងទម្រង់លេងរបស់ក្រុម Man UTD ធ្វើមិនសូវបានល្អក្នុងការបង្កើតឱកាសស្វែងរកគ្រាប់បាល់។
ជាមួយភាពមិនសូវល្អប្រសើរ ទោះជាដណ្តើមបាន៣ពិន្ទុ តែមិនទាន់ធ្វើអោយគ្រូបង្វឹក Man UTD លោក Ten Hag ពេញចិត្តឡើយ ព្រោះតែការបង្កើតឱកាសនៅមានចំណុចខ្វះខាត ។
ជុំវិញរឿងនេះ គ្រុបង្វឹកជនជាតិហូឡង់បានអោយដឹងថា “ខ្ញុំគិតថាផ្នែកមួយដែលយើងត្រូវកែតម្រូវឡើងវិញនោះ គឺរបៀបបញ្ចប់ទីនៅក្នុងប្រអប់គ្រោះថ្នាក់។ យើងបង្កើតបានឱកាសច្រើនគួរសម ហើយយើងមិនអាចរង់ចាំទាល់តែជិតចប់ការប្រកួត ដើម្បីយកឈ្នះនោះទេ យើងត្រូវតែមានសមត្ថភាព និងជាក្រុមដែលអាចផ្តួលរាល់ក្រុមដទៃ។”
បន្ថែមពីនេះ លោក Erik ten Hag ក៏បានដាស់តឿនកូនក្រុមអោយបញ្ចេញទម្រង់លេង អស់ពីសមត្ថភាព ចំពោះការប្រកួតនៅដើមរដូវកាល ព្រោះតែក្រុមកំពុងមានកីឡាករគុណភាពគ្រប់គ្រាន់ក្នុងការស៊ុតរកគ្រាប់បាល់។
បច្ចុប្បន្ន Man UTD កំពុងឈរនៅចំណាត់ថ្នាក់លេខ៧ក្នុងតារាងពិន្ទុ Premier League រដូវកាលថ្មី ២០២៤-២៥ មាន៣ពិន្ទុ។ ការប្រកួតជាបន្តគឺ Man UTD ត្រូវធ្វើដំណើរទៅជួប Brighton & Hove Albion នៅថ្ងៃទី២៤ ខែសីហា ខាងមុខ៕