×

គ្រូ Man City កោតសរសើរកីឡាករខ្លួនលេងបានល្អទោះមិនបានហ្វឹកហាត់ពេញលេញ

គ្រូបង្វឹកក្រុម Man City លោក Pep Guardiola បានធ្វើការលើកសរសើរពីការលេងបានល្អរបស់កីឡាករខ្លួន ទោះបីជាមិនបានហ្វឹកហាត់ពេញលេញ ក្រោយពីពួកគេបានយកឈ្នះក្រុម Chelsea នៅក្នុងជំនួបបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ ។

ជាការពិត ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ ក្រុមទាំង២បានបង្ហាញទម្រង់លេងល្អដូចគ្នា ស្របពេលដែលឱកាសនៃការស៊ុតបាល់ក៏មានប្រហាក់ប្រហែលគ្នា ដោយ Man City មានឱកាសស៊ុត ១១ដង រីឯ Chelsea មានឱកាសស៊ុត១០ដង។ ដំណើរការបាន១៨នាទី Erling Haaland បានស៊ុត១គ្រាប់បើកឆាកសម្រាប់ក្រុមភ្ញៀវ Man City នាំមុខមុននៅក្នុងវគ្គទី១។

នៅវគ្គទី២ ក្រុមមេឃខៀវនៅតែរក្សាការលេងបានល្អដដែល ហើយក៏បានរកគ្រាប់បាល់បន្ថែមគ្រាប់ទី២ ដោយ Mateo Kovačić ស៊ុតនៅនាទី ៨៤។ សម្រាប់ក្រុមម្ចាស់ផ្ទះ Chelsea វិញ បានព្យាយាមយ៉ាងខ្នះខែ្នងដែរ ដើម្បីតាមរកគ្រាប់បាល់មកវិញ ប៉ុន្តែមិនមានផ្លែផ្កានោះទេ រហូតដល់ចប់ការប្រកួត។ ២-០ ជាលទ្ធផលដែល Man City បានយកឈ្នះ Chelsea នៅក្នុងជំនួបបើកឆាក Premier League រដូវកាលថ្មីនេះ។

ការធ្វើបានល្អរបស់កូនក្រុមរហូតទទួលបានជ័យជំនះបានធ្វើអោយគ្រូបង្វឹក Man City លោក Pep Guardiola បានបង្ហាញភាពរីករាយ និងកោតសរសើរ ដោយថា កីឡាករខ្លួននៅតែមានការលេងយ៉ាងស៊ីចង្វាក់ ទោះមិនបានហ្វឹកហាត់គ្រប់គ្រាន់។

លោក Pep បានថ្លែងអោយដឹងថា “ ខ្ញុំរីករាយ ហើយពិតជាមិននឹកស្មានដល់សោះ ថាកីឡាករខ្ញុំ អាចធ្វើអ្វីបាន។ នៅក្នុងការប្រកួតថ្ងៃដំបូងនេះ យើងបានខ្វះការហ្វឹកហាត់។ នេះជាដំណឹងល្អរបស់យើង ប៉ុន្តែដំណឹងអាក្រក់គឺយើងនៅសល់ ជាង ៧០ ប្រកួតទៀត។ ប៉ុន្តែវាជាការល្អក្នុងការចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងការឈ្នះដើម្បីភាពជឿជាក់។”

ការឈ្នះទទួលបាន៣ពិន្ទុដំបូងនេះ Man City នៅឈរលេខ៤ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League 2024-25 រីឯ Chelsea នៅ លេខ១៧ មាន០ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង