សារព័ត៌មាន ESPN បានសម្រង់សម្តី គ្រូបង្វឹក Man City លោក Pep Guardiola ដែលបានកោតសរសើរចំពោះការអភិវឌ្ឈជាលំដាប់របស់ខ្សែប្រយុទ្ធ Erling Haaland និងថា កម្រិតលេងរបស់គេកាន់តែល្អឡើង ដូចទៅនឹងខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi និង Cristiano Ronaldo។
ការបញ្ចេញចំណាប់អារម្មណ៍រំភើបរបស់បុរសជនជាតិអេស្ប៉ាញ គឺក្រោយពេលដែលកីឡាករសញ្ជាតិន័រវែស Erling Haaland បានស៊ុតគ្រាប់បាល់ទី៩១ របស់គេជាមួយក្លិប Man City ក្នុងជ័យជំនះ ២-០ លើ Chelsea នាជំនួបបើកឆាក Premier League 2024-25 កាលពីចុងសប្តាហ៍កន្លងទៅ។
នៅពេលឃើញ Erling Haaland បន្តធ្វើបានល្អសម្រាប់រដូវកាលថ្មី លោក Guardiola បានបង្ហាញជំនឿចិត្តថា រូបគេមានកម្រិតនៃការលេង និង ការស៊ុតគ្រាប់បាល់ល្អខ្លាំងដូចទៅនឹងកីឡាករលំដាប់កំពូលៗពិភពលោកដូចជា Lionel Messi និង Cristiano Ronaldo។
លោក Guardiola បាននិយាយថា “Erling Haaland ពិតជាមានកម្រិតលេងល្អដូចទៅនឹង Messi និង Cristiano Ronaldo។ ខ្ញុំមិនដឹងទេអំពីវិធីសាស្ត្រដែលរូបគេធ្វើរឿងនេះបាន ប៉ុន្តែ លេង ១០០ប្រកួត រូបគេរកបាន ៩១គ្រាប់ក្នុងក្របខណ្ឌ Premier League វាស្ទើតែមិនគួរអោយជឿ។”
Erling Haaland បានក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាស ២រដូវកាលជាប់គ្នា ចាប់តាំងពីរូបគេបានបង្ហាញខ្លួនដំបូងតាំងពីឆ្នាំ ២០២២ ជាមួយនឹង Man City ក្រោយផ្លាស់មកពីក្លិប Borussia Dortmund នៅលីគកំពូលអាល្លឺម៉ង់។
កីឡាករវ័យ ២៤ឆ្នាំ តែងតែស៊ុតបាល់បញ្ចូលទីច្រើនគ្រាប់ និងទទួលបានរហស្សនាមថាជាម៉ាស៊ីនរកគ្រាប់បាល់ របស់ Man City ដែលកំពុងស្ថិតក្នុងយុទ្ធនាការការពារតំណែងជើងឯក Premier League រដូវកាលថ្មីនេះ ក្រោយឈ្នះជើងឯកលីគកំពូលអង់គ្លេសចំនួន ៤រដូវកាលជាប់ៗគ្នារួចមកហើយ។
សម្រាប់ ការប្រកួតបន្ទាប់របស់ Man City នឹងត្រូវជួបក្រុមទើបឡើងមកថ្មី Ipswich Town នាកីឡដ្ឋាន Etihad នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ៕