សារព័ត៌មាន Skysport បានផ្សព្វផ្សាយថា អនាគតរបស់ខ្សែបម្រើ Raheem Sterling កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ជាមួយ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Enzo Maresca។
កីឡាករអង់គ្លេសវ័យ២៩ឆ្នាំ បានមកចូលរួមជាមួយ Chelsea កាលពីឆ្នាំ ២០២២ ក្នុងតម្លៃផ្ទេរ៤៧,៥ លានផោនពីក្លិប Man City។ អំឡុង Chelsea ស្ថិតក្រោមការដឹកនាំរបស់លោក Mauricio Pochettino នោះ Raheem Sterling បានក្លាយជាកីឡាករសំខាន់មួយរូប។ ក្រោយពី លោក Pochettino ចែកផ្លូវជាមួយ Chelsea កាលពីខែឧសភា និងត្រូវបានជំនួសដោយអតីតគ្រូបង្វឹក Leicester City លោក Enzo Maresca នោះ Raheem Sterling ហាក់បាត់បង់តំណែងរបស់ខ្លួន។
លោក Maresca បានផ្ដោតលើការអភិវឌ្ឍកីឡាករក្មេងៗជាធំ ហេតុនេះហើយ មានការលើកឡើងថា លោកអាចនឹងផ្ទេរចេញកីឡាករមួយចំនួនដូចជា Raheem Sterling ដើម្បីបើកផ្លូវអោយកីឡាករក្មេងៗបានឱកាសលេងច្រើនជាងមុន ដែលស្របនឹងទិសដៅ និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្លិប។
ប៉ុន្តែ នៅពេលសួរដោយអ្នកសារព័ត៌មានថា លោកបន្តត្រូវការ Sterling ឬយ៉ាងណា លោក Maresca បានឆ្លើយតបថា លោកចង់បន្តទុកកីឡាករអស់របស់ Chelsea។ ទោះជាយ៉ាងណា Raheem Sterling ហាក់មិនស្ថិតក្នុងការចង់បានរបស់គ្រូបង្វឹកវ័យ ៤៤ នោះឡើយ។ ជាក់ស្តែង ក្នុងការប្រកួតបើកឆាក Premier League 2024-25 ដែល Chelsea បានចាញ់ Man City ដោយលទ្ធផល ២-០ នោះ មិនមានឈ្មោះរបស់ Raheem Sterling នោះទេ។
សូមបញ្ជាក់ថា ចាប់តាំងពីមកចូលរួម Chelsea មកទល់ពេលនេះ Raheem Sterling បានបង្ហាញខ្លួនចំនួន ៨១ប្រកួត គ្រប់កម្មវិធី និងបានស៊ុតបញ្ចូលទីបានចំនួន១៩គ្រាប់ផងដែរ។ រូបគេមិនទាន់បានរួមចំណែកឈ្នះពានរង្វាន់ណាមួយជាមួយ Chelsea នោះទេ៕