សារព័ត៌មាន Goals បានរាយការណ៍អោយដឹងថា ខ្សែប្រយុទ្ធ Romelu Lukaku កំពុងតែខិតកៀកនៅក្នុងការផ្លាស់ចេញពីក្លិប Chelsea នៅក្របខណ្ឌ Premier League ទៅកាន់ក្លិប Napoli នៅក្របខណ្ឌ Serie A។
ការចរចាជាផ្លូវការរវាង Napoli និង Chelsea កំពុងតែធ្វើឡើង ប្រកបដោយភាពរលូន។ ដំបូងឡើយ ក្លិបទាំងពីរនេះចង់ធ្វើការផ្លាស់ប្ដូរកីឡាកររវាង Romelu Lukaku និង Victor Osimhen ប៉ុន្តែបានផ្លាស់ប្តូរ មកជាការចរចាទិញលក់ដាច់ដោយឡែកពីគ្នាវិញ។
ក្លិប Napoli ចង់ដាក់សំណើ ២៩,៨លានអឺរ៉ូ សម្រាប់ Lukaku និងចង់លក់ Victor Osimhen ទៅអោយ Chelsea វិញ ក្នុងតម្លៃ ១០៤ លានអឺរ៉ូ ប៉ុន្តែក្លិប Chelsea មិនយល់ព្រម ដោយចង់បានតម្លៃរបស់ Romelu Lukaku ប្រមាណ ៤៦លានផោន។
យ៉ាងណាក៏ដោយ ការចរចាទិញលក់កីឡាករទាំងពីររូបនេះគឺដាច់ដោយឡែកពីគ្នា ដោយនៅខណៈនេះ Chelsea ផ្ដោតទៅលើការលក់ Lukaku ចេញ ហើយការទិញ Osimhen ជារឿងបន្តបន្ទាប់។
ដោយឡែក ការចរចារវាងក្លិបទាំងពីរទៅលើ Lukaku មានលទ្ធផលល្អទេ ប៉ុន្តែរឿងបន្ទាប់នោះគឺបញ្ហាប្រាក់ឈ្នួលទៅលើ Romelu Lukaku ដោយកីឡាករបែលហ្ស៊ិកនេះទទួលប្រមាណ ៤២០,០០០ដុល្លារក្នុងមួយសប្ដាហ៍ ពី Chelsea។ បើរូបគេយល់ព្រមផ្ទេទៅកាន់ Napoli នោះ Lukaku ត្រូវយល់កាត់ប្រាក់ពលកម្មមួយចំនួន។
បើសិនជាការផ្លាស់ទៅកាន់ Napoli កើតឡើងមែននោះ នោះ Romelu Lukaku នឹងស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Antonio Conte ម្ដងទៀត ដោយលោកធ្លាប់ដឹកនាំរូបគេកាលពីនៅដឹកនាំ Inter Milan។
សូមបញ្ជាក់ថា Romelu Lukaku បានចូលរួមជាមួយ Chelsea ជាលើកទី២ ក្រោយផ្លាស់ចេញពី Inter Milan កាលពីឆ្នាំ២០២១។ យ៉ាងណា ២រដូវកាលកន្លងទៅ រូបគេមិនបានលេងអោយក្លិបតោខៀវនោះទេ ដោយត្រូវបានខ្ចីជើងទៅកាន់ Inter Milan វិញនៅរដូវកាល ២០២២-២៣ និងត្រូវបន្តខ្ចីជើងទៅកាន់ Roma នៅរដូវកាល ២០២៣-២៤៕