×

គ្រូ Tottenham Hotspur ថា ក្រុមខ្លួនធ្វើអោយខាតឱកាសច្រើនក្នុងជំនួបស្មើ Leicester City យប់មិញ

គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou បាននិយាយថា កូនក្រុមបានធ្វើអោយខាតបង់ឱកាសល្អៗច្រើន ក្នុងជំនួបស្មើ Leicester City នៅក្របខណ្ឌ Premier League កាលពីយប់មិញ។

ការប្រកួតនាកីឡដ្ឋាន King Power គេឃើញថា Tottenham Hotspur ដែលជាក្រុមភ្ញៀវបានសម្រុកយ៉ាងខ្លាំង និងមានឱកាសស៊ុតជាច្រើនទៅលើក្រុមម្ចាស់ផ្ទះ Leicester City ប៉ុន្តែមិនអាចសម្រេចគ្រាប់បាល់បានច្រើនគ្រាប់នោះទេ។ យ៉ាងណា ដល់នាទីទី ២៩ ខ្សែការពារ Pedro Parro រកបានមួយគ្រាប់បន្ទាប់ពីខ្សែបម្រើ James Maddison បោះកាត់ចូលយ៉ាងស្អាត។ ចប់វគ្គទី ១ក្រុមភ្ញៀវនាំមុខ១ទល់០ ។

ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធ Jamie Vardy ក៏បានរកគ្រាប់បាល់តាមស្មើអោយក្រុម Leicester City នៅនាទីទី៥៧ តាមរយៈការតែត បន្ទាប់ពីមានការលើកបាល់បញ្ចូលមកដោយ Abdul Fatawu ។ គ្រាប់បាល់នេះរក្សារហូតដល់ចប់ការប្រកួត បើទោះមានការសម្រុកគ្នាច្រើនលើក និងមានឱកាសរកគ្រាប់បាល់ច្រើនលើកយ៉ាងណាក៏ដោយ។

ជាមួយនឹងលទ្ធផលស្មើគ្នានេះ មិនបានធ្វើអោយ គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou មានភាពរីករាយខ្លាំងនោះទេ និងថា កីឡាករបានធ្វើអោយខកខានឱកាសល្អៗជាច្រើន ទើបមិនអាចយកបានជ័យជំនះ។

គ្រូបង្វឹក វ័យ៥៨ឆ្នាំ បានអោយដឹងថា “ក្រុមរបស់យើងអាចគាបសង្កត់គូប្រជែងបាន ប៉ុន្តែយើងបែរជាធ្វើអោយរបូតឱកាស ក្នុងការស៊ុតបាល់ល្អៗជាច្រើនដង។ នេះជារឿងគួរអោយសោកស្តាយព្រោះយើងបានបាត់បង់ឱកាសយកបាន៣ពិន្ទុនៅពេលនេះ។”

សូមបញ្ជាក់ការប្រកួតនេះទើបតែបើកឆាកសម្រាប់ក្រុមទាំងពីរប៉ុណ្ណោះ។ លទ្ធផលស្មើគ្នានេះ ក្រុម Tottenham Hotspur នៅលេខ១២ ក្នុងតារាងពិន្ទុ Premier League 2024-25 មាន ១ ពិន្ទុ ខណៈក្រុម Leicester City នៅលេខ១០ មាន១ពិន្ទុដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង