×

Arsenal បដិសេធសំណើ Nottingham Forest ដើម្បីទិញយកខ្សែប្រយុទ្ធ Eddie Nketiah

ក្លិប Arsenal ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើរបស់ក្លិប Nottingham Forest សម្រាប់ការទិញយកខ្សែប្រយុទ្ធ Eddie Nketiah។

ទោះជាត្រូវបដិសេធក៏ពិតមែនប៉ុន្តែ Nottingham Forest តែបើកការពិភាក្សាជាមួយក្លិប Arsenal ដើម្បីចរចានាំយកកីឡាករ វ័យ២៥ឆ្នាំ មករួមក្លិបអោយបាននៅរដូវក្តៅនេះ។

Eddie Nketiah ត្រូវបានគេរំពឹងថានឹងចាកចេញពីកីឡដ្ឋាន Emirates ដោយបានខិតជិតចូលរួមជាមួយក្លិបបារាំង Marseille ។ សាមីកីឡាករ បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនទៅហើយ ប៉ុន្តែក្លិបនៅក្របខណ្ឌ Ligue 1 បានបរាជ័យក្នុងការបំពេញតាមតម្លៃដែល ក្លិប Arsenal ចង់បាន។

កីឡាករអង់គ្លេសបានទទួលការចាប់អារម្មណ៍ច្រើន ពីក្លិបនៅក្របខណ្ឌ Premier League ដទៃទៀត ដូចជា Bournemouth, Crystal Palace, Everton និង Nottingham Forest នេះឯង។ យ៉ាងណា ក្លិប Bournemouth បានដកខ្លួនចេញវិញ ក្រោយពួកគេបាននាំយក ខ្សែប្រយុទ្ធ Evanilson ពីក្លិប Porto ដោយនៅសល់តែ Crystal Palace, Everton និង Nottingham Forest ដែលនៅបន្តប្រជែងគ្នាផ្ទេរយក Eddie Nketiah។ ក្នុងនោះដែរ Nottingham Forest ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Nuno Espirito Santo គឺក្លិបនាំមុខគេ ក្នុងការចរចាជាមួយ Arsenal ដើម្បីនាំយក Eddie Nketiah។

Nottingham Forest បានដាក់សំណើដំបូងដែលមានតម្លៃ ២៥ លានផោន ប៉ុន្តែត្រូវបានច្រានចោលដោយ Arsenal ដោយក្លិបកាំភ្លើងធំ បានដាក់ក្តីរំពឹងទុកថា កីឡាកររូបនេះ នឹងអាចមានតម្លៃខ្លួន ចន្លោះពី៣០ទៅ៣៥លានផោន។

កាលពីរដូវកាលមុន Nketiah បានចាប់ផ្តើមការប្រកួត ៣៧ប្រកួតប៉ុណ្ណោះ ហើយស៊ុតបញ្ចូលទីបានតែ ៦ គ្រាប់ នៅគ្រប់កម្មវិធី។ អំឡុងការប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ ដែល Arsenal ឈ្នះ Wolverhampton Wanderers ២-០ នោះ Eddie Nketiah មិនបានត្រូវបញ្ចូលឈ្មោះទៅក្នុងការប្រកួតទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង