×

Man City ចង់ផ្តល់ជូន Rodri កុងត្រាថ្មីដែលកើនឡើងប្រាក់ឈ្នួលដល់ទៅ២ដង

ក្លិប Man City កំពុងរៀបចំផ្តល់ជូនខ្សែបម្រើ Rodri នូវកុងត្រាថ្មី ជាមួយនឹងកិច្ចព្រមព្រៀងរយៈពេលវែង និងដំឡើងប្រាក់ឈ្នួលដល់ទៅ ២ដង ដើម្បីរក្សារូបគេបន្តលេងនៅទឹកដី Etihad ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន The Mirror។

កីឡាករអេស្ប៉ាញ បច្ចុប្បន្នបានក្លាយជាកីឡាករដែលមានឥទ្ធិពលមួយរូប ហើយក្លិបមេឃខៀវបានត្រៀមខ្លួនរួចជាស្រេចដើម្បីដំឡើងប្រាក់ឈ្នួលរបស់គេ៣៧ម៉ឺន៥ពាន់ផោនក្នុងមួយសប្តាហ៍ ដែលជាកម្រិតប្រាក់ឈ្នួលច្រើនបំផុតរបស់ក្លិប ស្មើ ខ្សែប្រយុទ្ធ Erling Haaland និងខ្សែបម្រើ Kevin De Bruyne ។

ការចង់ផ្តល់កិច្ចសន្យាថ្មី និង ដំឡើងប្រាក់ឈ្នួលនេះ ដ្បិតអី Man City ចង់អោយ Rodri នៅតែបំណងបន្តលេងជាមួយក្លិប ខណៈ ក្លិប Real Madrid កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបគេ។

កីឡាករវ័យ២៨ឆ្នាំ ស្ថិតក្រោមកិច្ចសន្យាជាមួយ Man City រហូតដល់រដូវក្តៅឆ្នាំ ២០២៧ ក្រោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំកាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ យ៉ាងណា ថ្មីៗនេះ សាមីកីឡាករ Rodri បានបង្ហើបថា កីឡាករ ក្លិប Real Madrid មួយចំនួន កំពុងព្យាយាមបញ្ចុះបញ្ចូលរូបគេ ផ្លាស់ទៅលេងជាមួយក្លិបនៅប្រទេសកំណើតវិញ ។

តាមរយៈការបង្ហាញសមត្ថភាពលេចធ្លោ ជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះជើងឯក UEFA Euro 2024 នាពេលកន្លងទៅ Rodri ត្រូវបានមើលឃើញថាបានឈានចូលដល់ឆ្នាំកំពូលនៃអាជីពហើយ Man City ពិតជាចង់ផ្តល់រង្វាន់ដល់រូបគេ។

សូមបញ្ជាក់ថា Rodri បានមកចូលរួមជាមួយ Man City ក្រោយផ្លាស់ចេញពី Atlético Madrid នៅឆ្នាំ២០១៩។ រូបគេបានបង្ហាញខ្លួនអោយក្លិបមេឃខៀវចំនួន២៥៧ដង ស៊ុត២៦គ្រាប់ នៅគ្រប់កម្មវិធី និងបានរួមចំណែកឈ្នះពានរង្វាន់ Premier League ៤ដង FA Cup ១ដង EFL Cup ២ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង