×

Chelsea ព្រមព្រៀងលើសំណើនាំយក Joao Felix ពី Atletico Madrid

សារព័ត៌មាន BBC នៅអង់គ្លេសបានរាយការណ៍ថា ក្លិប Chelsea បានព្រមព្រៀងគ្នា លើសំណើនាំយក ខ្សែប្រយុទ្ធ Joao Felix មកធ្វើការប្រកួតប្រជែងនៅក្របខណ្ឌ Premier League វិញ ខណៈដែលខ្សែបម្រើ Conor Gallagher ត្រូវផ្ទេរទៅកាន់ក្លិប Atletico Madrid វិញ ដែលជាផ្នែកមួយនៃការដោះដូរកីឡាករវាងក្លិបទាំង២។

Joao Felix វ័យ២៤ឆ្នាំ នឹងផ្ទេរមកកាន់ កីឡដ្ឋា Stamford Bridge សម្រាប់កុងត្រា៦ឆ្នាំអមដោយជម្រើសបន្ថែម១ឆ្នាំទៀត។

កីឡាករ ព័រទុយហ្គាល់ នឹងមកធ្វើតេស្តសុខភាពក្នុងពេលឆាប់ៗ សម្រាប់ការផ្លាស់មកកាន់ Chelsea ដែលជាក្លិបរូបគេធ្លាប់លេងជាកីឡាករខ្ចីជើង ដោយចូលលេងបាន២០ប្រកួត ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ កាលពីឆ្នាំ២០២៣។

ជាមួយគ្នានោះ ខ្សែបម្រើអង់គ្លេស Conor Gallagher នឹងត្រូវផ្លាស់ពី Chelsea ទៅកាន់ Atletico Madrid វិញ ដោយនឹងធ្វើការចុះកុងត្រារយៈពេល៥ឆ្នាំ ក្នុងការលេងនាទឹកដី Metropolitano ។ កីឡាករវ័យ២៤ឆ្នាំ បានធ្វើការហ្វឹកហាត់តែម្នាក់ឯងនៅទីលានហ្វឹកហាត់ បន្ទាប់ពីបានចាកចេញពីក្រុមប្រមាណជា១សប្ដាហ៍មកនេះ។

ការចរចានាំយក Joao Felix មកកាន់ Chelsea គឺជាវិធីដ៏ល្អសម្រាប់ Conor Gallagher ដើម្បីអោយរូបគេមានឱកាសបានផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ។ ប្រមាណជា១សប្តាហ៍មុន ការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញរបស់ Conor Gallagher ត្រូវបានពន្យារពេល និងត្រូវហោះមកកាន់អង់គ្លេសវិញភ្លាមៗ ដោយសារតែការចរចាមិនត្រូវគ្នា។

ចាប់តាំងពីត្រូវដំឡើងពីក្រុមយុវជន មកកាន់ក្រុមឈុតធំ Chelsea កាលពីឆ្នាំ២០១៩មក Conor Gallagher បានបង្ហាញខ្លួនអោយក្រុមតោខៀវ ៩៥ដង ស៊ុតបាន១០គ្រាប់ ហើយភាគច្រើនរូបគេត្រូវលេងជាកីឡាករខ្ចីជើងអោយក្លិបផ្សេងទៀតដូចជា Charlton Athletic, Swansea City, West Bromwich Albion និង Crystal Palace ជាដើម និងបានត្រឡប់មកលេងនៅទឹកដី Stamford Bridge ២រដូវកាលចុងក្រោយនេះប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង