ក្លិប Man City ពេញចិត្តនឹងទិញយក ខ្សែបម្រើ Ilkay Gundogan ពីក្លិប Barcelona វិញសម្រាប់រដូវកាលថ្មីឆ្នាំ ២០២៤-២៥ ខាងមុខនេះ។
លោក Pep Guardiola គ្រូបង្វឹក Man City បានយល់ព្រមរួចរាល់ហើយក្នុងការនាំយកកីឡាករអាល្លឺម៉ង់ មកវិញ តែការសម្រេចចិត្តគឺស្ថិតនៅលើសាមីកីឡាករផ្ទាល់។
ទោះបីជាស្ថិតនៅក្រោមកិច្ចសន្យារយៈពេល២ឆ្នាំ ក៏ដោយ ប៉ុន្តែ Barcelona នឹងមិនរារាំង Gundogan ក្នុងការជ្រើសរើសទីកន្លែងបន្តអាជីពរបស់គេនោះទេ ប្រសិនបើគេរកឃើញថា ការផ្លាស់ណាមួយមានភាពសមរម្យ។
មានក្លិបជាច្រើនត្រូវបាន ចង់បានកីឡាករដែលទើបប្រកាសចាកចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយនៅក្នុងនោះមានដូចជា ក្លិបនៅកាតា អារ៉ាប៊ីសាអ៊ូឌីត ហើយ Man City ក៏បានបើកការចរចាផងដែរ។
ចំពោះ Man City គឺស្វាគមន៍ជានិច្ចអោយ Ilkay Gundogan អាចត្រលប់ទៅវិញព្រោះតែ រូបគេធ្លាប់ជាកីឡាកររបស់ Man City កាលពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២៣ ដោយចូលលេងបាន ៣០៤លើក និងស៊ុតចូល ៦០គ្រាប់។
ខណៈពេលមកលេងអោយ Barcelona បាន១រដូវកាលរួចមក កីឡាករវ័យ៣៣ឆ្នាំ បានចូលលេងបាន ៥១ប្រកួត និងស៊ុតចូល ៥គ្រាប់។
តាមការរាយការណ៍ពីសារពត៌មាននៅអេស្ប៉ាញ អោយដឹងថា Ilkay Gündogan បានបង្ហាញពីបំណងចាកចេញពីក្លិបអ្នកមានបុណ្យ នៅមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបិទទ្វារ។ ប៉ុន្តែ សម្រាប់ គ្រូបង្វឹក Barcelona លោក Hansi Flick មានការជឿជាក់ថា លោកនឹងអាចបញ្ចុះបញ្ចូលអោយ Ilkay Gündogan បន្តលេងជាមួយក្លិបរដូវកាលនេះទៀត៕