ក្លិប Atletico Madrid បានចុះហត្ថលេខាលើខ្សែបម្រើ Conor Gallagher ពីក្លិប Chelsea ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ La Liga ។
Gallagher ដែលបានលេងជាមួយ Chelsea តាំងពីអាយុ ៨ ឆ្នាំបានចុះកិច្ចសន្យា ដល់ឆ្នាំ ២០២៩ ជាមួយ Atletico Madrid ដែលបានចំណាយប្រាក់ ៤២ លានអឺរ៉ូ សម្រាប់ការនាំយករូបគេ។
កីឡាករវ័យ ២៤ឆ្នាំ បានចំណាយពេលដំបូងនៃអាជីព លេងជាកីឡាករខ្ចីជើង អោយក្លិបនានានៅអង់គ្លេសដូចជា Charlton Athletic, Swansea City, West Bromwich Albion និង Crystal Palace ហើយរហូតដល់ឆ្នាំ២០២២ ទើបរូបគេ បានបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំ Chelsea ។
កាលពីរដូវកាល ២០២៣-២៤ កន្លងទៅ Conor Gallagher បានចាប់ផ្តើមប្រកួតក្របខណ្ឌ Premier League អោយ Chelsea ចំនួន ៣៧ ប្រកួត ដោយអវត្តមានការប្រកួតក្នុងលីគតែ១ប្រកួត ដោយសារជាប់ពិន័យ និងបានចំណាយពេលភាគច្រើនលេងក្នុងនាមជាប្រធានក្រុមតោខៀវដោយសារ កីឡាករ Reece James និង Ben Chilwell មានរបួស។
ការនាំយក Conor Gallagher មកកាន់ Atletico Madrid នៅពេលនេះ គឺជាផ្នែកមួយនៃ ការដោះដូរកីឡាករ ដោយ Chelsea នឹងទទួលបាន Joao Felix ត្រឡប់ទៅវិញ។
មែនទែនទៅ ការដោះដូរកីឡាករ រវាងក្លិបទាំង២បានកើតឡើង បន្ទាប់ពីការបរាជ័យក្នុងការនាំយក ខ្សែប្រយុទ្ធ Samu Omorodion របស់ Atletico Madrid ទៅកាន់ Chelsea។ ក្រោយមកការពិភាក្សាជាថ្មីបានកើតឡើង ចុងក្រោយក៏សម្រេចអោយ Joao Felix ផ្លាស់ទៅកាន់ Chelsea ហើយ Atletico Madrid មានលទ្ធភាពគ្រប់គ្រាន់ដើម្បីនាំយក Conor Gallagher មកចូលរួមជាមួយពួកគេ៕