ក្លិប Man UTD មានសុទិដ្ឋិនិយមថា ពួកគេនឹងអាចនាំយក ខ្សែបម្រើ Manuel Ugarte ពីក្លិប Paris Saint Germain បានសម្រេចនៅមុនពេលដែលទីផ្សារដោះដូរកីឡាករបិទទ្វារ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន ESPN។
ស្ថិតនៅក្រោមការដឹកនាំ របស់សហម្ចាស់ក្លិបថ្មី និង សល់ពេលត្រឹមតែ២សប្តាហ៍ទៀត មុនពេលដែលរដូវដោះដូរកីឡាករ ត្រូវបិទនោះក្លិបបិសាចក្រហមនៅពេលនេះបានសម្រេច នាំយកកីឡាករមួយចំនួន រួចទៅហើយដូចចា Joshua Zirkzee ពីក្លិប Bologna, Leny Yoro ពិក្លិប Lille , Matthijs de Ligt និង Noussair Mazraoui ពីក្លិប Bayern Munich ជាដើម។
យ៉ាងណាក្តី នៅសប្តាហ៍នេះ Man UTD កំពុងតែមានព័ត៌មានថា កំពុងតែព្យាយាមចរចាយ៉ាងខ្លាំងដើម្បីនាំយក Manuel Ugarte ទោះបីជាត្រូវបានបរាជ័យម្តងរួចមកហើយក្តី ដោយក្លិប Paris Saint Germain ចង់បានតម្លៃយ៉ាងខ្ពស់ ៦០លានអឺរ៉ូ។
អ្វីដែលក្លិប Man UTD នឹងបន្តធ្វើនៅពេលនេះ ពីព្រោះដោយសារតែយល់ឃើញថា តម្លៃខ្លួនកីឡាករវ័យ២៣ឆ្នាំថ្លៃខ្លាំងពេក ដូច្នេះពួកគេត្រូវតែបន្តរង់ចាំរហូតដល់នាទីចុងក្រោយហើយបង្ខំអោយក្លិបបារាំងក្នុងការទទួលយកតម្លៃ ដែលពួកគេនឹងដាក់ អោយសាជាថ្មីម្តងទៀត។
Manuel Ugarte ត្រូវចាត់ទុកជាកីឡាករសំខាន់មួយរូបរបស់ ក្លិប Paris Saint Germain ដោយរដូវកាលមុន រូបគេបង្ហាញខ្លួនចំនួន៣៧ប្រកួត។ ប៉ុន្តែ កីឡាកររូបនេះត្រូវបានដឹងថា មានបំណងផ្លាស់ពីក្លិបនៅក្របខណ្ឌ Ligue 1 មកលេងអោយក្លិបនៅក្របខណ្ឌ Premier League វិញ។ ជាក់ស្តែង Ugarte នឹងក្លិប Man UTD បានឈានដល់កិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនហើយ។
សម្រាប់ Man UTD វិញកំពុងសម្លឹងមើលការធានាការចាកចេញរបស់កីឡាករក្នុងក្រុមបន្ថែមទៀតដើម្បីផ្តល់អោយពួកគេនូវភាពបត់បែនកាន់តែច្រើនក្នុងការចរចាសម្រាប់ Ugarte ។ ក្លិបក៏បានទទួលចំណូលប្រមាណ ៦០ លានផោនរួចហើយជាមួយនឹងការចាកចេញរបស់ Mason Greenwood, Aaron Wan-Bissaka, Donny van de Beek និង Willy Kambwala រួចមក៕