×

Wolverhampton ដាក់សំណើខ្ចីជើងអ្នកចាំទី Aaron Ramsdale របស់ Arsenal

ក្លិប Wolverhampton បានដាក់សំណើខ្ចីជើងអ្នកចាំទី Aaron Ramsdale របស់ក្លិប Arsenal ជាមួយគោលការណ៍សំណើរពេញមួយរដូវកាលក្របខណ្ឌ Premier League 2024-25។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។

នេះជាការដាក់សំណើរដេញថ្លៃ ដែលមានលក្ខខណ្ឌពិសេសគឺជម្រើសការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០២៥ សម្រាប់កីឡាករអង់គ្លេស វ័យ២៦ឆ្នាំ ដែលបានជាប់ក្នុងបញ្ជីទៅលេងនៅ UEFA Euro 2024 ជាមួយក្រុមជម្រើសជាតិអង់គ្លេស។

Aaron Ramsdale បានបាត់បង់កៅអីជាអ្នកចាំទីដៃទី១របស់ក្លិបកាំភ្លើងធំ កាលពីរដូវកាល២០២៣-២៤ ដោយបង្ហាញខ្លូនបានតែ១១លើកប៉ុណ្ណោះ នៅគ្រប់កម្មវិធី។

គ្រូបង្វឹក Arsenal លោក Mikel Arteta បានដាក់ការចាប់អារម្មណ៍នៅជម្រើសដំបូងទៅលើ David Raya ជាអ្នកចាំទីខ្ចីជើងមកពីក្លិប Brentford ទៅវិញ។ ហើយបច្ចុប្បន្នេះ Arsenal បានសម្រេចទិញយក David Raya មកជាកីឡាករអចិន្ត្រៃយ៍។

សូមបញ្ជាក់ដែរថា Aaron Ramsdale ត្រូវបានក្លិប Arsenal បានចំណាយទឹកប្រាក់ប្រមាណ ២៤លានផោន ទិញយកមកពីក្លិប Sheffield United កាលពីឆ្នាំ២០២១។ រូបគេនៅសល់កិច្ចសន្យា២ឆ្នាំទៀតនៅទឹកដី Emirates ប៉ុន្តែសាមីកីឡាករពិតជាចង់លេងនៅជម្រើសដំបូង ជាជាងកីឡាករបម្រុង។

អំឡុង ការប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មី 2024-25 ដែល Arsenal ឈ្នះ Wolverhampton ក្នុងលទ្ធផល ២-០ កាលពីសប្តាហ៍មុននោះ Aaron Ramsdale បានត្រឹមស្ថិតនៅកៅអីបម្រុង ដែលមិនត្រូវបានលោក Mikel Arteta ដាក់បញ្ចូលក្នុងទីលានទៀត។

សម្រាប់ Wolverhampton បានដាក់សំណើខ្ចីជើង Aaron Ramsdale មែន ប៉ុន្តែបច្ចុប្បន្នពួកគេនៅតែជ្រើសរើស អ្នកចាំទីព័រទុយហ្កាល់ Jose Sa ជាជម្រើសទី១ ចាប់តាំងពីនាំយករូបគេពីក្លិបក្រិច Olympiakos ក្នុងឆ្នាំ២០២១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង