ក្លិបអង់គ្លេស Chelsea បានទទួលជោគជ័យក្នុងការចុះហត្ថលេខាជាផ្លូវការ នាំយកខ្សែប្រយុទ្ធ Joao Felix ពីក្លិបអេស្ប៉ាញ Atletico Madrid។
កីឡាករព័រទុយហ្កាល់ បានចុះកុងត្រារយៈពេលវែងជាមួយក្លិបនៅក្របខណ្ឌ Premier League មួយនេះ ដោយមានរយៈពេលដល់ទៅ ៧ ឆ្នាំ ពោលគឺដល់ឆ្នាំ២០៣១។
Joao Felix ធ្លាប់លេងនៅទឹកដី Stamford Bridge បានកន្លះឆ្នាំ ក្នុងនាមជាកីឡាករខ្ចីជើង កាលពីឆ្នាំ២០២៣។ ចំពោះតម្លៃនៃការផ្ទេរកីឡាករវ័យ ២៤ឆ្នាំ មិនត្រូវបានបញ្ជាក់អោយដឹងនោះទេ ប៉ុន្តែ សារពត៌មាននានា បានរាយការណ៍ថា ក្លិប Chelsea បានចំណាយប្រមាណ ៥៩,៩៥លានផោន សម្រាប់ការនាំយករូបគេត្រឡប់មកវិញ។
មែនទែនទៅ Joao Felix ធ្លាប់ជាកីឡាករ ដែលមានតម្លៃខ្លួនយ៉ាងខ្ពស់ រាប់រយលានផោនកាលពីប៉ុន្មានឆ្នាំមុន នឹងមានក្លិបជាច្រើនចង់បាន។ ជាក់ស្តែង ក្លិប Atletico Madrid បានចំណាយ ១៤០លានដុល្លារ ដើម្បីនាំយករូបគេពីក្លិបព័រទុយហ្កាល់ Benfica កាលពីឆ្នាំ២០១៩។
បែបនេះក្តី អ្វីៗចាប់ប្រែប្រួលចាប់ពីចុងឆ្នាំ ២០២២ មក។ មុនព្រឹត្តិការណ៍ FIFA World Cup 2022 នោះ Joao Felix បានមានបញ្ហាជាមួយគ្រូបង្វឹក Atletico Madrid លោក Diego Simone។ លោក Simone មិនចាត់ទុក Felix ជាកីឡាករសំខាន់ទៀតឡើយ ដោយទម្លាក់រូបគេមកជាកីឡាករបម្រុង។ បន្ថែមពីនេះ អ្នកទាំងពីរធ្លាប់បង្ហាញភាពមិនសប្បាយចិត្តនឹងគ្នា ដោយមិនមានការអះអាងបានទេថា ពួកគេមានបញ្ហាអ្វីជាមួយគ្នាទេ។
ក្រោយមានបញ្ហាជាមួយគ្រូបង្វឹក នៅ Atletico Madrid រួចមក Joao Felix ក៏ទៅលេងអោយ Chelsea ជាកីឡាករខ្ចីជើងបាន ៦ ខែ ពីខែមករា ដល់មិថុនា ឆ្នាំ២០២៣ ជាទីដែលរូបគេលេងសរុប ២០ ប្រកួត និងស៊ុតបញ្ចូលទីបាន ៤ គ្រាប់។ វិលត្រឡប់មកពី Chelsea វិញ Joao Felix ក៏ទៅបន្តលេងជាកីឡាករខ្ចីជើងនៅក្លិប Barcelona រដូវកាល ២០២៣-២៤ ។ នៅជាមួយក្លិបអ្នកមានបុណ្យ រូបគេបានចូលលេង ៤៤ប្រកួត និងស៊ុតចូល១០គ្រាប់។ Felix ចង់ក្លាយជាកីឡាករពេញសិទ្ធិរបស់ Barcelona តែដោយសារក្លិបមានបញ្ហាហិរញ្ញវត្ថុ ទើបមិនបានសម្រេច។
ទោះយ៉ាងណា ពេលនេះរូបគេបានសម្រេចចាកចេញពី Atletico Madrid នឹងសម្រេចចូលរួមជាមួយ Chelsea សាជាថ្មី ជាកីឡាករពេញសិទ្ធ។
ដោយឡែក Chelsea នឹងមានការប្រកួតវគ្គ Play-Off ជើងទី១ ពានរង្វាន់ UEFA Conference League ទល់នឹងក្រុមមកពីស្វីស Servette នៅយប់នេះ រួចទើបទៅជួបក្រុម Wolverhampton នៅជំនួបទី២ក្របខណ្ឌ Premier League 2024-25 ជាបន្តទៀត៕