អ្នកចាំទី Emiliano Martinez បានសម្រេចបន្តកុងត្រារយៈពេលវែងជាមួយក្លិបអង់គ្លេស Aston Villa ហើយ ដោយសុពលភាពកុងត្រារបស់គេនឹងមានរហូតដល់ឆ្នាំ២០២៩ ។
កីឡាករអាហ្សង់ទីន បានចូលរួមជាមួយក្លិប Aston Villa នៅក្របខណ្ឌ Premier League កាលឆ្នាំ២០២០ក្នុងតម្លៃត្រឹមតែ១៧លានផោនដោយផ្ទេរមកពីក្លិបរួមលីគ Arsenal ។ មកដល់បច្ចុប្បន្ន Emiliano Martinez បានបង្ហាញខ្លួនលើស១៥០ប្រកួតហើយ សម្រាប់ក្លិប Aston Villa ។
ម្ចាស់ជើងឯក World Cup 2022 រូបនេះបានជួយរក្សាសំណាញ់ទីមិនអោយគូប្រកួតស៊ុតបញ្ចូលទី Clean Sheet ចំនួន ៩លើកក្នុងការបង្ហាញខ្លួន ៣៤ប្រកួតនៅ ក្របខណ្ឌ Premier League កាលពីរដូវកាលមុន និងបានជួយក្រុមលោក Unai Emery អោយបញ្ចប់ទៅនៅលេខរៀងទី៤ បានលេង UEFA Champions League ជាលើកដំបូងនៅរដូវកាលនេះថែមទៀតផង។
សម្រាប់ការលេងអោយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន កាលពីពេលថ្មីៗ Emiliano Martinez បានជួយក្រុមអោយការពារជើងឯក Copa America ដើម្បីបង្កើនកំណត់ត្រាឈ្នះលើកទី១៦ផងដែរ។
ជុំវិញការបន្តកុងត្រាថ្មីជាមួយ Aston Villa នេះដែរ កីឡាករវ័យ៣១ឆ្នាំ បានបង្ហាញភាពរីករាយជាមួយនឹងការរីកចម្រើនឥតឈប់ឈររបស់ក្លិប ដោយបានទទួលកៅអីលេង UEFA Champions League ហើយរូបគេនៅតែសង្ឃឹមថា នឹងទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
Emiliano Martinez បាននិយាយអោយដឹងតាមគេហទំព័ររបស់ក្លិបថា “តាំងពីខ្ញុំចូលរួម Aston Villa ក្តីសុបិនរបស់ខ្ញុំគឺចង់លេង Champions League ហើយយើងបានសម្រេចវាហើយ។ ក្លិបកំពុងតែល្អឡើងរាល់ឆ្នាំ ហើយខ្ញុំសង្ឃឹមភាពជោគជ័យរបស់ខ្ញុំនៅក្រុមជម្រើសជាតិអាហ្សង់ទីន នឹងអាចជួយក្លិបទទួលបានជោគជ័យ អាចឈ្នះពានរង្វាន់បាន។”
សូមបញ្ជាក់ថា Aston Villa ធ្លាប់ឈ្នះជើងឯកលីគកំពូលអង់គ្លេសចំនួន ៧ដង ដែរ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ហើយចាប់តាំងពីឈ្នះពានរង្វាន់ EFL Cup នៅឆ្នាំ១៩៩៦មក ក្លិបមិនដែលឈ្នះពានរង្វាន់ណាមួយទៀតទេ គិតមកទល់ពេលនេះ៕