×

Tottenham Hotspur ចង់ទិញខ្សែការពារ Andreas Christensen ពី Barcelona

ក្លិប Tottenham Hotspur កំពុងព្យាយាមស្វែងរកកីឡាករបន្ថែមទៀត ខណៈទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ នៅសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែក្លិបមាន់ខ្នាយមាស ត្រូវបានរាយការណ៍ថា កំពុងចង់ទិញយកខ្សែការពារ Andreas Christensen ពី Barcelona។

កីឡាករដាណឺម៉ាក បានចាកចេញពី Chelsea ទៅចូលរួម Barcelona កាលពីឆ្នាំ២០២២ ប៉ុន្តែ គ្រូបង្វឹកថ្មីរបស់ Barcelona លោក Hansi Flick ចង់បញ្ចេញកីឡាករច្រើនរូបបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្លិប។ នៅក្នុងនោះ Andreas Christensen ស្ថិតក្នុងបញ្ជី ដែលក្លិបអ្នកមានបុណ្យ ចង់បញ្ចេញក្នុងទីផ្សារនេះដែរ ដើម្បីពួកគេមានលទ្ធភាពអាចនាំចូលកីឡាករថ្មី។

យោងតាមរបាយការណ៍នៅអេស្ប៉ាញអោយដឹងថា Andreas Christensen មានតម្លៃខ្លួនប្រមាណ ២៥លានអឺរ៉ូ ស្របពេលដែលសាមីកីឡាករក៏មានការត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពី Barcelona ផងដែរ។

ដូច្នេះហើយ Tottenham Hotspur មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចង់ចុះហត្ថលេខាយកកីឡាកររូបនេះអោយបាននៅមុនទីផ្សារដោះដូរកីឡាករ ត្រូវបានបិទ។ មួយរយៈចុងក្រោយនេះ Andreas Christensen មិនសូវបានបង្ហាញខ្លួនឡើយហើយចុងក្រោយបានត្រឹមកៅអីបម្រុងពេលប៉ះនឹង Valencia និងទើបតែបានបង្ហាញខ្លួនឡើងវិញពេលប្រកួតប៉ះនឹង Athletic Club កាលពីចុងសប្តាហ៍កន្លងទៅប៉ុណ្ណោះ។

ដោយឡែក ក្រៅពី Tottenham Hotspur ហើយ ក្លិប Al-Ittihad នៅក្របខណ្ឌកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ក៏ត្រូវបានដឹងថា ចង់បានកីឡាករ វ័យ ២៨ឆ្នាំ រូបនេះដែរ ប៉ុន្តែសាមីកីឡាករបានបញ្ជាក់ហើយថា រូបគេនៅចង់លេងអោយក្លិបនៅតំបន់អឺរ៉ុបប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចាប់តាំងពីចូលរួមជាមួយ Barcelona មក Andreas Christensen បានបង្ហាញខ្លួន ចំនួន ៧៥ដង ស៊ុតបាន៤គ្រាប់ និងបានរួមចំណែកឈ្នះពានរង្វាន់ La Liga រដូវកាល ២០២២-២៣ និងពានរង្វាន់ Supercopa de España នៅឆ្នាំ ២០២៣ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង