ខ្សែការពារ Trent Alexander Arnold បានបង្ហាញភាពមិនសប្បាយចិត្ត ក្រោយរូបគេត្រូវបានប្តូរចេញ ក្នុងការប្រកួតដែល Liverpool ឈ្នះ Brentford ក្នុងជំនួបក្របខណ្ឌ Premier League 2024-25។
ជាការពិត ការប្រកួតដែលធ្វើឡើងនាទីលាន Anfield កាលពីយប់មិញ ខ្សែបម្រើ Luis Díaz ជាអ្នករកគ្រាប់បាល់នៅនាទី ១៣ ដើម្បីជួយ ក្រុមម្ចាស់ផ្ទះ Liverpool នាំមុខមុននៅក្នុងវគ្គទី១។
ចូលមកដល់វគ្គទី២ នាទី៧០ ខ្សែប្រយុទ្ធ Mohamed Salah បានទទួលបាល់ដែលបញ្ចូនមកពី Luis Díaz ដើម្បីស៊ុតបញ្ចូលទី១គ្រាប់ទៀត។ សម្រាប់ក្រុមភ្ញៀវ Brentford មិនអាចរកគ្រាប់បាល់បាននោះទេ។ ដោយលទ្ធផល Liverpool ២ Brentford ០ ក៏បន្តដល់ចប់ការប្រកួត។
យ៉ាងណា ក្នុងការប្រកួតនោះ កីឡាករ Trent Alexander Arnold បានប្ដូរចេញនៅនាទី៧២ ហើយរូបគេ បានសម្ដែងការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ លោក Arne Slot ដែលជាគ្រូបង្វឹកថ្មីរបស់ Liverpool ។ យ៉ាងណា លោក Arne Slot បានដឹងដូចគ្នានូវរឿងដែល កីឡាករវ័យ២៥ឆ្នាំ មានការមិនពេញចិត្ត។ Trent Alexander Arnold មិនបានលេងពេញ៩០នាទីទេ២ប្រកួតកន្លងមកក្នុង ក្របខណ្ឌ Premier League 2024-25 កាលប៉ះ Ipswich Town ដែលឈ្នះ ២-០ នោះក៏គេត្រូវបានប្ដូរចេញនាទីទី៧៧ ខណៈការប្រកួតទល់នឹង Brentford រូបគេក៏ត្រូវបានប្ដូរចេញនាទីទី៧២ទៀត។
ក្រោយឃើញបែបនេះគ្រូបង្វឹកជនជាតិហូឡង់បាននិយាយថា “ខ្ញុំពិតជាយល់ កីឡាករគ្រប់គ្នាចង់លេងពេញ៩០នាទី។ ខ្ញុំមិនដែលគិតថាអ្នកអង្គុយនៅកៅអីបម្រុងសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់ខ្ញុំទេ។ Alexander Arnold ទើបតែត្រឡប់ពីក្រុមជម្រើសជាតិអង់គ្លេស ហើយគេបានបំពេញតួនាទីច្រើនខ្លាំងណាស់ ដូច្នេះគេគួរតែសម្រាកខ្លះពេលមកដល់ក្រុមវិញ ។”
Liverpool បានឈ្នះ២ប្រកួតដំបូងបើកឆាកនៃ ក្របខណ្ឌ Premier League 2024-25 ដែលធ្វើអោយពួកគេមាន៦ពិន្ទុ ឈរនៅលេខ៤។ រីឯក្រុម Brentford នៅលេខ១៣មាន៣ពិន្ទុ។ ការប្រកួតជាបន្ត Liverpool ត្រូវប៉ះ Man UTD រីឯ Brentford ត្រូវប៉ះ Southampton នៅចុងសប្តាហ៍ខាងមុខ៕