គ្រូបង្វឹកថ្មីរបស់ Chelsea លោក Enzo Maresca បាននិយាយថា លោកមានការមិនពេញចិត្ត ជាមួយនឹងទម្រង់លេងរបស់ខ្សែបម្រើ Mykhailo Mudryk ក្នុងការប្រកួតដែល Chelsea ឈ្នះ Wolves ៦-២ ក្នុងជំនួបសប្តាហ៍ទី២ ក្របខណ្ឌ Premier League 2024-25 នាកីឡដ្ឋាន Molineux ។
ការប្រកួតនោះ ក្រុម Chelsea ដែលជាភ្ញៀវ បានបង្ហាញការលេងយ៉ាងល្អ ដោយវាយសម្រុកមិនសំចៃជើងទៅលើក្រុម Wolve ដែលជាម្ចាស់ផ្ទះ។ ជាក់ស្តែង លេងបានតែ២នាទី Nicolas Jackson បានរកគ្រាប់ទី១អោយក្រុមតោខៀវ ប៉ុន្តែនាទី ២៧ Matheus Cunha បានតាមសងស្មើអោយក្រុមចចក។ នាទី ៤៥ Cole Palmer បានរកគ្រាប់បាល់អោយ Chelsea នាំមុខម្តងទៀត ប៉ុន្តែ Jørgen Strand Larsen បានតាមរកគ្រាប់បាល់តាមស្មើសាជាថ្មី អោយ Wolve គឺ ២-២ មុនចប់វគ្គទី១។
យ៉ាងណា ចូលមកដល់វគ្គទី២ Chelsea បានបង្កើនការវាយសម្រុកនឹងរកបានគ្រាប់បាល់៤គ្រាប់ទៀតបន្តបន្ទាប់គ្នា ដោយក្នុងនោះ៣គ្រាប់ធ្វើបានដោយ Noni Madueke នៅនាទី ៤៩ នាទី ៥៨ និង នាទី ៦៣ ហើយគ្រាប់ចុងក្រោយធ្វើបានដោយកីឡាករចំណូលថ្មី João Félix នៅនាទី៨០ ដើម្បីជួយអោយ Chelsea ឈ្នះទាំងស្រុង។
ទោះបានឈ្នះការប្រកួតមែន ប៉ុន្តែ គ្រូបង្វឹក Chelsea លោក Enzo Maresca បានបង្ហាញការមិនសប្បាយចិត្តជាមួយ កីឡាករមួយរូបគឺ ខ្សែបម្រើ Mykhailo Mudryk ដោយលោកបានផ្លាស់រូបគេចេញ នឹងជំនួសដោយ Pedro Neto នៅនាទី៤៦។
នៅពេលត្រូវបានសួរនាំពីហេតុផលដែលនាំអោយមានការផ្លាស់កីឡាករអ៊ុយក្រែន ចេញពីទីលាន គ្រូបង្វឹកវ័យ៤៤ឆ្នាំ បានឆ្លើយតបថា “ខ្ញុំមិនសប្បាយចិត្តចំពោះរូបគេ។ គេមានការព្យាយាម ប៉ុន្តែខ្ញុំចង់បានគុណភាពខ្ពស់ជាងនេះពី Mykhailo Mudryk ។ គេមិនទាន់លេងដល់កម្រិតដែលក្រុមចង់បាន ហើយការផ្លាស់ប្តូរ Mykhailo Mudryk ជំនួសដោយ Pedro Neto គឺជាការបង្កើនឱកាសល្អរបស់ក្រុម ហើយវាជារឿងខ្ញុំត្រូវតែធ្វើ។”
Chelsea បានផ្តួល Arsenal ក្នុងការចុះហត្ថលេខាលើ Mykhailo Mudryk ក្នុងខែមករាឆ្នាំ ២០២៣ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៨៩លានផោន ហើយលោក Maresca គឺជាគ្រូបង្វឹក ចុងក្រោយដែលត្រូវបានប្រគល់ភារកិច្ចអោយ បង្កើនសក្តានុពលរបស់កីឡាករវ័យ ២៣ឆ្នាំ បន្ទាប់ពីគ្រូបង្វឹក Chelsea មុនៗដែលមានលោក Graham Potter និង លោក Mauricio Pochettino មានការពិបាកក្នុងការបំពេញការងារនេះ។
ដោយឡែក Chelsea កំពុងឈរលេខ៨មាន៣ពិន្ទុ រីឯ Wolve មាន០ពិន្ទុ ក្រោយលេងបាន២ប្រកួតដូចគ្នា៕