ក្លិបអង់គ្លេស Liverpool កំពុងពិចារណាលើការផ្ទេរយកខ្សែប្រយុទ្ធ Federico Chiesa របស់ ក្លិបអ៊ីតាលី Juventus ។
កីឡាករវ័យ ២៦ ឆ្នាំត្រូវបានគេចាត់ទុកថា ជាកីឡាករលើសពីតម្រូវការរបស់គ្រូបង្វឹកលោក Thiago Motta ដែលបានចូលដឹកនាំក្លិបនៅក្របខណ្ឌ Serie A កាលពីដើមរដូវក្ដៅនេះ។
Chiesa ដែលជាផ្នែកមួយនៃក្រុមជម្រើសជាតិអ៊ីតាលីនៅព្រឹត្តិការណ៍ UEFA Euro 2024 ត្រូវបានគេរាយការណ៍ថានៅសល់កុងត្រាមួយឆ្នាំទៀត ក្នុងការលេងនាទឹកដី Juventus Stadium ។
យ៉ាងណាមិញ Chiesa មិនមានឈ្មោះក្នុងក្រុមសេះបង្កង់ សម្រាប់ការប្រកួតបើកឆាកក្របខណ្ឌ Serie A 2024-25 ដែលបានឈ្នះ Como ៣-០ និង អវត្តមានការប្រកួតឈ្នះ Hellas Verona៣-០ ក្នុងជំនួបសប្តាហ៍ទី២ផងដែរ។
នាយកផ្នែកកីឡារបស់ក្លិប Liverpool លោក Richard Hughes បាននិយាយនៅដើមរដូវក្តៅនេះថា ក្លិបនឹងនាំយករូបគេប្រសិនបើក្លិបអាចធ្វើបាន។
ក្រៅពីការចង់នាំយក Federico Chiesa ហើយ Liverpool ក៏ជិតឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់អ្នកចាំទី Giorgi Mamardashvili របស់ Valencia ប៉ុន្តែមិនទាន់បានចុះហត្ថលេខានៅឡើយទេ។
Liverpool ក៏បានព្យាយាមចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Martin Zubimendi ប៉ុន្តែសាមីកីឡាករបានជ្រើសរើសរួមរស់បន្តជាមួយក្លិបអេស្ប៉ាញ Real Sociedad ។
Federico Chiesa បានចូលរួមជាមួយក្លិប Juventus ពីក្លិប Fiorentina ក្នុងឆ្នាំ ២០២០ ជាមួយតម្លៃខ្លួនរហូតដល់ ៥៤ លានផោន។ រូបគេបានលេង ១៣១ ដងសម្រាប់ក្លិប និងជាផ្នែកមួយនៃក្រុមដែលឈ្នះពានរង្វាន់ UEFA Euro 2020 របស់ប្រទេសអ៊ីតាលី ប៉ុន្តែទម្រង់លេង និងរបួសបាន រារាំងដល់ការបង្ហាញខ្លួនរបស់គេក្នុងរដូវកាលថ្មីៗនេះ៕