ខ្សែការពារ Kurt Zouma បានទៅត្រួតពិនិត្យសុខភាព ដើម្បីជាការត្រៀមខ្លួនក្នុងការចាកចេញពីក្លិប West Ham នៅក្របខណ្ឌ Premier League ទៅចូលរួម ក្លិប Al-Orouba នៅក្របខណ្ឌ Saudi Pro League។
តាមពិតទៅ កីឡាករវ័យ ២៩ឆ្នាំ បានយល់ព្រមទៅលើការផ្លាស់ទៅកាន់ក្លិបមួយនៅសហព័ន្ធអារ៉ាប់រួម កាលពីដើមទីផ្សារដោះដូររដូវក្តៅនេះ ប៉ុន្តែការផ្ទេរមិនអាចសម្រេចបានទៅវិញ ក្រោយរូបគេបរាជ័យក្នុងការធ្វើតេស្តសុខភាព។
យ៉ាងណាមិញ ក្លិបញញួរយក្ស បានផ្តល់ការអនុញ្ញាតអោយ Kurt Zouma នៅក្នុងទីតាំងពិសេសមួយ ដែលអាចធានាទៅលើកិច្ចព្រមព្រៀងក្នុងការផ្លាស់ទៅកាន់ក្លិបដទៃ ហើយឥឡូវនេះ រូបគេបានទទួលការចាប់អារម្មណ៍ចង់បានពីក្លិប Al-Orouba របស់អារ៉ាប៊ីសាអូឌិត។
សម្រាប់ដំណើរការនៃការផ្លាស់ប្តូរ Kurt Zouma កំពុងធ្វើឡើង ដោយសាមីកីឡាករត្រូវឆ្លងកាត់ការធ្វើតេស្តសុខភាព ដើម្បីធានាថា គេមានភាពពេញលេញ មុនបញ្ចប់ការផ្ទេរជាផ្លូវការ។
Kurt Zouma ជនជាតិបារាំង បានបង្ហាញខ្លួនអោយ West Ham បានចំនួន ១០៣ដង ស៊ុតបាន៦គ្រាប់ ចាប់តាំងពីផ្ទេរមកពីក្លិប Chelsea ក្នុងឆ្នាំ ២០២១ តម្លៃ ២៩លានផោន។
រូបគេ បានរួមចំណែកជួយអោយ West Ham បានឈ្នះ Fiorentina ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯកពានរង្វាន់កំពូលទី៣អឺរ៉ុប UEFA Europa Conference League 2022-23 នឹងត្រូវបានជ្រើសរើសជាមកកាន់តំណែងជាប្រធានក្រុម West Ham ដឹកនាំការប្រកួតនៅលើទីលាន នៅក្នុងការប្រកួត រដូវកាល ២០២៣-២៤ កន្លងទៅ ដោយការកាន់តំណែងនេះគឺរូបគេទទួលបានបន្តពីខ្សែបម្រើ Declan Rice ដែលបានចាកចេញទៅរួមរស់ជាមួយ Arsenal កាលពីឆ្នាំ២០២៣៕