ខ្សែបម្រើ Matheus Nunes របស់ក្លិប Man City កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិប Atletico Madrid និងមានបំណងនាំយករូបគេមករួមក្រុមមុនទីផ្សារដោះដូរកីឡាករបញ្ចប់។
ក្លិបនៅលីគកំពូលអេស្ប៉ាញមួយនេះ ត្រូវបានរាយការណ៍ថា កំពុងស្វែងរកកីឡាករបន្ថែមទៀតពីក្លិប Man City ក្រោយជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Julián Álvarez រួចមក។ យ៉ាងណា ការចង់នាំយក កីឡាករវ័យ២៥ឆ្នាំ ពីក្លិប Man City លើកនេះ ក្លិប Atletico Madrid ចង់បានក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។
សម្រាប់ ក្លិប Man City វិញកំពុងធ្វើការពិចារណា ដោយមិនទាន់បានចង្អុលបង្ហាញថា តើពួកគេអាចបើកចំហរក្នុងការអនុញ្ញាតអោយកីឡាករខ្លួនបន្ថែមទៀតត្រូវចាកចេញឬទេ ដ្បិតអី Nunes មិនទាន់បានបង្កើតឱកាសរឹងមាំក្នុងការបន្តលេងក្នុងក្រុមរបស់គ្រូបង្វឹកលោក Pep Guardiola នៅឡើយ។
ចាប់តាំងពីមកចូលរួមជាមួយ Man City ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ ដោយផ្លាស់ចេញពី Wolverhampton Wanderers ក្នុងឆ្នាំ ២០២៣ មក Matheus Nunes បានបង្ហាញខ្លួនត្រឹមតែ ២៨ដង ប៉ុណ្ណោះសម្រាប់ក្រុមមេឃខៀវ កាលពីរដូវកាលមុន។
នៅរដូវកាលថ្មី ២០២៤-២៥ នេះ វិញ Matheus Nunes បានបង្ហាញខ្លួន អោយ Man City ក្នុងការប្រកួត ឈ្នះ Ipswich ៤-១ ដោយចូលជំនួស Kevin De Bruyne នៅចុងម៉ោងទៅហើយ។
ក្លិប Atletico Madrid ដែលបានចុះហត្ថលេខាលើខ្សែបម្រើ Conor Gallagher ពីក្លិប Chelsea កាលពីសប្តាហ៍មុន មានបំណងចង់ពង្រឹងតំបន់បម្រើរបស់ពួកគេនៅក្នុងការប្រកួតរដូវកាលថ្មី ហើយវាហាក់ដូចជាគ្រូបង្វឹកលោក Diego Simeone មើលឃើញថា Matheus Nunes ជាផ្នែកចុងក្រោយមួយសម្រាប់បំពេញបន្ថែមភាពខ្វះខាតក្នុងក្រុម៕