ខ្សែបម្រើ Scott McTominay បានទៅធ្វើតេស្តសុខភាព ដើម្បីត្រៀមក្នុងការផ្លាស់ចេញពីក្លិបអង់គ្លេស Man UTD ទៅចូលរួមជាមួយក្លិបអ៊ីតាលី Napoli។
ក្លិបទាំង២បានយល់ព្រមទៅលើតម្លៃផ្ទេរ កីឡាករវ័យ២៧ឆ្នាំ ប្រមាណ ២៥,៤លានផោន ដោយ សាមីកីឡាករក៏យល់ព្រមចូលរួមជាមួយក្លិបនៅក្របខណ្ឌ Serie A ហើយ។ Napoli នឹងប្រកាសជាផ្លូវការអំពីការផ្ទេរចូល McTominay នាពេលឆាប់ៗ បើមិនមានការប្រែប្រួល។
កាលពីដើមខែសីហា កន្លងទៅ Scott McTominay បានទទួលការចាប់អារម្មណ៍ ពីក្លិប Fulham នឹងបានដាក់សំណើទៅកាន់ក្លិប Man UTD តម្លៃ២០លានផោន តែត្រូវបានបដិសេធទៅវិញ។ ការចាកចេញទៅចូលរួមជាមួយក្លិប Napoli នេះ គឺជាលើកទីមួយក្នុងអាជីពរបស់គេដែលលេងអោយក្លិបផ្សេងក្រៅពី Man UTD ។
Scott McTominay គឺជាកីឡាករដែលដុះចេញពីថ្នាលយុវជនរបស់ Man UTD ដោយបានមកលេងតាំងពីឆ្នាំ ២០០២ មក និងបន្តទៅលេងក្រុមឈុតធំចាប់ពីឆ្នាំ ២០១៧។ រូបគេបានលេងប្រមាណ ២៥៥ ប្រកួត និងស៊ុតចូល ២៩ គ្រាប់។ យ៉ាងណា រូបគេគឺជាកីឡាករដ៏ចម្រូងចម្រាស់មួយសម្រាប់អ្នកគាំទ្រ Man UTD ដោយ អ្នកគាំទ្រខ្លះពេញចិត្តនឹងទម្រង់លេងនិងចង់អោយក្លិបបន្តផ្ដល់ឱកាសអោយរូបគេ ខណៈអ្នកគាំទ្រខ្លះទៀត មិនសប្បាយចិត្តនឹងទម្រង់លេងរបស់គេ ជាពិសេសក្នុងប្រកួតសំខាន់ៗមួយចំនួន ហើយតែងតែទាមទារអំពាវនាវអោយក្លិបនាំចូលកីឡាករល្អៗនៅតំបន់ខ្សែបម្រើ ដើម្បីបង្កើនគុណភាពក្រុម។
សម្រាប់ការផ្ទេរ McTominay នេះដែរ គឺដើម្បីបើកផ្លូវក្នុងការនាំចូលខ្សែបម្រើ Manuel Ugarte ពីក្លិប Paris Saint Germain។ កីឡាករអ៊ុយរូហ្កាយ វ័យ២៣ឆ្នាំ អាចនឹងចូលរួម Man UTD នាពេលឆាប់ៗខាងមុខ ដោយក្លិបទាំង២ កាន់តែខិតជិតឈានដល់ព្រមព្រៀងហើយ៕