ក្លិប Brighton នៅក្របខណ្ឌ Premier League បានទទួលជោគជ័យ ក្នុងការនាំចូលកីឡាករជាបន្តបន្ទាប់ ដោយថ្មីៗនេះ ពួកគេបានទិញយកកីឡាករមួយរូបទៀតហើយ នោះគឺ ខ្សែការពារ Ferdi Kadioglu ពីក្លិបទួរគី Fenerbahce ។
កីឡាករវ័យ២៤ឆ្នាំ នឹងផ្លាស់មកកាន់ទឹកដី Falmer Stadium ជាមួយតម្លៃប្រមាណ ២៥លានផោន បូករួមថ្លៃចំណាយនានា ៤,២លានផោនទៀត។
Ferdi Kadioglu បានយល់ព្រមចុះកិច្ចសន្យាជាមួយ Brighton រយៈពេល៤ឆ្នាំ ហើយរូបគេគឺជាកីឡាករទី៨ ដែលត្រូវបាន Brighton ទិញយកមកចូលរួមក្លិប នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Fabian Hurzeler។
នៅក្នុងឱកាសបង្ហាញខ្លួនជាសមាជិកក្លិប Brighton នោះដែរ Ferdi Kadioglu បានបង្ហាញពីអារម្មណ៍របស់ខ្លួនដូច្នេះថា “ខ្ញុំពិតជាមានភាពរំភើបរីករាយ ពីព្រោះខ្ញុំបានមកចូលរួមក្លិបមួយ ដែលកំពុងមានការអភិវឌ្ឈ ជាលំដាប់។ ខ្ញុំនឹងប្រើសមត្ថភាពរបស់ខ្ញុំជួយក្លិបអោយទទួលបានលទ្ធផលល្អប្រសើរ។”
ដោយឡែក សម្រាប់គ្រូបង្វឹក Brighton លោក Fabian Hurzeler វិញ បានប្រាប់អោយដឹងពីការយកបានកីឡាកររូបនេះថា “ខ្ញុំពេញចិត្តព្រោះយើងបានទទួលយកកីឡាករដែលមានទេពកោសល្យ។ ខ្ញុំបានឃើញការលេងរបស់គេកន្លងមក គេមានភាពរឹងមាំ និងពូកែបញ្ចូនបាល់ ហើយខ្ញុំពេញចិត្តចំណុចនេះមែនទែន។”
Ferdi Kadioglu បានចាប់ផ្តើមអាជីពជាមួយក្លិប NEC Nijmegen នៅក្របខណ្ឌហូរឡង់ Eredivisie មុនពេលមកចូលរួម Fenerbahce នៅឆ្នាំ២០១៨។ រូបគេបានលេងច្រើនជាង ២០០ប្រកួតអោយ Fenerbahce ដោយស៊ុតបាន១៨គ្រាប់ផងដែរ។
Ferdi Kadioglu បានកើតនៅប្រទេសហូឡង់ និងបានលេងអោយក្រុមបាល់ទាត់ជម្រើសជាតិយុវជនហូឡង់ U-16, U-17, U-18, U-19 និង U-21 ប៉ុន្តែនៅឆ្នាំ២០២២ រូបគេបានសម្រេចលេងអោយក្រុមជម្រើសជាតិទួរគីមកដល់បច្ចុប្បន្ន។ រូបគេក៏ជាសមាជិកក្រុមទួរគី ដែលបានលេងគ្រប់ការប្រកួតនៅព្រឹត្តិការណ៍ UEFA Euro 2024 ដោយក្រុមបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ដែលត្រូវបានទម្លាក់ដោយ ហូឡង់៕