×

អ្នកចាំទី Kepa Arrizabalaga ត្រៀមផ្លាស់ពី Chelsea ទៅ Bournemouth

សារពត៌មាន BBC នៅអង់គ្លេស បានរាយការណ៍ថា អ្នកចាំទី Kepa Arrizabalaga បានត្រៀមផ្លាស់ទៅកាន់ក្លិប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើង ក្រោយសម្រេចបន្តកុងត្រាថ្មីជាមួយ ក្លិប Chelsea ។

កីឡាករអេស្ប៉ាញ ត្រូវបានគេដឹងថា នឹងបន្តកុងត្រាថ្មីជាមួយក្លិបតោខៀវ Chelsea រយៈពេល១ឆ្នាំ ពោលគឺនឹងលេងនាទឹកដី Stamford Bridge រហូតទៅដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

យ៉ាងណាក៏ដោយ ការចុះកុងត្រាថ្មីភ្លាមៗនេះ កីឡាករវ័យ២៩ឆ្នាំ ក៏បានសម្រេចចិត្តទៅលេងអោយក្លិបរួមលីគ Bournemouth រយៈពេល១រដូវកាល រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនាមជាកីឡាករខ្ចីជើង។

Kepa Arrizabalaga កំពុងធ្វើការពិនិត្យសុខភាពត្រៀមទៅលេងអោយក្លិបថ្មីនេះនៅរដូវកាល ២០២៤-២៥។

ការផ្លាស់ប្តូរនេះមានន័យថា ក្លិប Bournemouth ទំនងជាងបញ្ចប់ការចាប់អារម្មណ៍ទៅលើអ្នកចាំទី Aaron Ramsdale របស់ក្លិប Arsenal។ ទន្ទឹមនឹងនេះ អ្នកចាំទីរបស់ Bournemouth គឺកីឡាករ Mark Travers ក៏អាចនឹងផ្លាស់ចេញពីទឹកដី Dean Court ជាអចិន្ត្រៃយ៍ហើយ ស្របពេលកីឡាករវ័យ២៥ឆ្នាំ បច្ចុប្បន្នកំពុងលេងជាកីឡាករខ្ចីជើងអោយក្លិបលីគទី២អង់គ្លេស Stoke City។

Kepa Arrizabalaga មកលេងអោយ Chelsea តាំងពីឆ្នាំ២០១៨ ដោយកាលពីរដូវកាលកន្លងទៅនេះ រូបគេបានទៅលេងអោយក្លិបអេស្ប៉ាញ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។ យ៉ាងណា ការត្រឡប់មកអង់គ្លេសវិញនៅរដូវកាលនេះ រូបគេក៏ផ្លាស់ទៅកាន់ Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើងបន្តទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង