×

Man UTD យល់ព្រមលើតម្លៃផ្ទេរយកខ្សែបម្រើ Manuel Ugarte ពី Paris St-Germain

ក្លិប Man UTD បានយល់ព្រមលើតម្លៃផ្ទេរ ៤២,៣លានផោន បូករួមនឹងប្រាក់បន្ថែម ៨,៥លានផោន ជាមួយក្លិប Paris St-Germain សម្រាប់ការនាំយកខ្សែបម្រើ Manuel Ugarte ។

កីឡាករអ៊ុយរូហ្កាយ បានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ឆ្នាំ នៅទឹកដី Old Trafford ជាមួយនឹងជម្រើសបន្ត ១ឆ្នាំ បន្ថែមទៀតផងដែរ។

កិច្ចព្រមព្រៀង បានកើតឡើងបន្ទាប់ពីក្លិប Man UTD បានយល់ព្រមលើតម្លៃផ្ទេរខ្សែបម្រើ Scott McTominay ទៅកាន់ក្លិប Napoli តម្លៃ ២៥,៤លានផោន។

ជាការពិត Manuel Ugarte ត្រូវបានផ្សារភ្ជាប់ជាមួយ Man UTD ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយការផ្ទេររូបគេនឹងកើតឡើង បន្ទាប់ពីរូបគេទើបតែចូលរួមជាមួយ Paris St-Germain បាន១ឆ្នាំ ដោយផ្លាស់មកពី Sporting Lisbon តម្លៃ ៥០,៥ លានផោន។

កីឡាករវ័យ ២៣ ឆ្នាំ បានបង្ហាញខ្លួន ៣៧ លើកសម្រាប់ក្រុមរបស់លោក Luis Enrique ដោយក្នុងនោះមាន២៥ លើក លេងក្នុងលីគ ដោយជួយ Paris St-Germain បានឈ្នះពានរង្វាន់ Ligue 1 លើកទី ១២ របស់ពួកគេ។

កិច្ចព្រមព្រៀង Ugarte កំពុងតែបន្ត ស្របពេលដំណើរការនៃការផ្លាស់ McTominay ទៅ Napoli ក៏កំពុងមានភាពរលូនដែរ។ ទោះបីជា McTominay ជាកីឡាករដែលដុះដាលចេញពីថ្នាលយុវជន និង បានឡើងមកលេងក្រុមឈុតធំ Man UTD ក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកលោក Erik ten Hag មិនអាចធានាកៅអីរបស់កីឡាករស្កុតឡេននេះបានទេ។

McTominay បានលេងប្រមាណ ២៥៥ ប្រកួត និងស៊ុតចូល ២៩ គ្រាប់។ យ៉ាងណា រូបគេគឺជាកីឡាករដ៏ចម្រូងចម្រាស់ សម្រាប់អ្នកគាំទ្រ Man UTD ដោយ អ្នកគាំទ្រខ្លះពេញចិត្តនឹងទម្រង់លេងនិងចង់អោយក្លិបបន្តផ្ដល់ឱកាសអោយរូបគេ ខណៈអ្នកគាំទ្រខ្លះទៀត មិនសប្បាយចិត្តនឹងទម្រង់លេងរបស់គេ ជាពិសេសក្នុងប្រកួតសំខាន់ៗមួយចំនួន ហើយតែងតែទាមទារអំពាវនាវអោយក្លិបនាំចូលកីឡាករល្អៗនៅតំបន់ខ្សែបម្រើ ដើម្បីបង្កើនគុណភាពក្រុម។

ចុងក្រោយ Man UTD បានសម្រេចក្នុងការផ្ទេរ McTominay ចេញ និងនាំយក Manuel Ugarte មកវិញ។ ប្រសិនបើមិនមានការប្រែប្រួល Manuel Ugarte នឹងក្លាយជាកីឡាករទី ៥ របស់ Man UTD នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយការចំណាយបានលើសពី ១៩០ លានផោន។

Man UTD បានចំណាយជិត ៦០០ លានផោនលើកីឡាករថ្មីចាប់តាំងពីគ្រូបង្វឹកលោក Ten Hag មកកាន់តំណែងក្នុងឆ្នាំ ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង