ក្លិប Arsenal នៅក្របខណ្ឌ Premier League បានយល់ព្រមលក់អ្នកចាំទី Aaron Ramsdale ទៅអោយក្លិបរួមលីគ Southampton ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ២៥លានផោន។
កីឡាករអង់គ្លេស វ័យ ២៦ ឆ្នាំត្រូវបានគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរក្លិប មុនថ្ងៃផុតកំណត់នៃទីផ្សារដោះដូររដូវក្តៅនេះ ដោយក្លិប Southampton នឹងត្រូវចំណាយថ្លៃផ្ទេរ ១៨លានផោន បូករួមថ្លៃចំណាយផ្សេងៗ ៧លានផោនទៀត។
មែនទែនទៅ Aaron Ramsdale បានទទួលការចាប់អារម្មណ៍ពីក្លិប Wolverhampton Wanderers និងបានពិភាក្សាជាមួយក្លិប Arsenal អំពីការចុះហត្ថលេខាចង់ខ្ចីជើង និងមានលក្ខខណ្ឌទិញផ្តាច់សម្រាប់អ្នកចាំទី វ័យ ២៦ ឆ្នាំរូបនេះ។ យ៉ាងណាមិញ Wolverhampton បានដកខ្លួនចេញវិញ ដោយសារតែកិច្ចព្រមព្រៀងមានតម្លៃថ្លៃពេក។
Ramsdale បានលេងរាល់នាទីនៃរាល់ការប្រកួតក្នុងលីគ ខណៈដែល Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ តាមពីក្រោយក្រុម Manchester City កាលពីរដូវកាល ២០២២-២៣ ប៉ុន្តែរូបគេបានបាត់បង់កៅអីរបស់ខ្លួនទៅកាន់អ្នកចាំទី David Raya ដែលបានចូលរួមជាមួយ Arsenal ពីក្លិប Brentford ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ Ramsdale បានបង្ហាញខ្លួនត្រឹមតែ ៦ ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួត Premier League រដូវកាលមុន ខណៈដែល Arsenal បានប្រែក្លាយ Raya ខ្ចីជើងទៅជាការចុះហត្ថលេខាអចិន្ត្រៃយ៍។
សូមបញ្ជាក់ដែរថា Aaron Ramsdale ត្រូវបានក្លិប Arsenal បានចំណាយទឹកប្រាក់ប្រមាណ ២៤លានផោន ទិញយកមកពីក្លិប Sheffield United កាលពីឆ្នាំ២០២១។ រូបគេនៅសល់កិច្ចសន្យា២ឆ្នាំទៀតនៅទឹកដី Emirates ប៉ុន្តែសាមីកីឡាករពិតជាចង់លេងនៅជម្រើសដំបូង ជាជាងកីឡាករបម្រុង។ សរុបមក Aaron Ramsdale បានបង្ហាញខ្លួន ៧៨ ប្រកួតនៅក្នុងការប្រកួត Premier League សម្រាប់ Arsenal។
អំឡុង ការប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ ដែល Arsenal ឈ្នះ Wolverhampton ក្នុងលទ្ធផល ២-០ កាលពីសប្តាហ៍មុននោះ Aaron Ramsdale បានត្រឹមស្ថិតនៅកៅអីបម្រុង ដែលមិនត្រូវបានលោក Mikel Arteta ដាក់បញ្ចូលក្នុងទីលានទៀតទេ៕