ខ្សែប្រយុទ្ធ Romelu Lukaku បានធ្វើដំណើរទៅដល់ទីក្រុង Naples ប្រទេសអ៊ីតាលី ដើម្បីត្រៀមបំពេញលក្ខខណ្ឌនានាក្នុងការផ្លាស់ចេញពីក្លិប Chelsea មកចូលរួមជាមួយក្លិប Napoli។
ប្រភពពីសារពត៌មាននៅអង់គ្លេស បានរាយការណ៍ថា កីឡាករបែលហ្ស៊ីកនឹងផ្លាស់ចេញពីក្លិបនៅក្របខណ្ឌ Premier League ទៅលេងអោយក្លិបនៅក្របខណ្ឌ Serie A ក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូ។
ក្នុងការធ្វើដំណើរមកដល់របស់ Romelu Lukaku នេះដែរ រូបគេបានទទួលការស្វាគមន៍ពីអ្នកគាំទ្រជាច្រើន នាអាកាសយានដ្ឋាន មុនពេលរូបគេត្រូវទៅធ្វើតេស្តសុខភាពជាមួយក្លិប។
ការចរចាជាផ្លូវការរវាង Napoli និង Chelsea បានធ្វើឡើង ប្រកបដោយភាពរលូន។ ដំបូងឡើយ ក្លិបទាំងពីរនេះចង់ធ្វើការផ្លាស់ប្ដូរកីឡាកររវាង Romelu Lukaku និង Victor Osimhen ប៉ុន្តែបានផ្លាស់ប្តូរ មកជាការចរចាទិញលក់ដាច់ដោយឡែកពីគ្នាវិញ។ ក្លិប Napoli ចង់ដាក់សំណើ ២៩,៨លានអឺរ៉ូ សម្រាប់ Lukaku និងចង់លក់ Victor Osimhen ទៅអោយ Chelsea វិញ ក្នុងតម្លៃ ១០៤ លានអឺរ៉ូ ប៉ុន្តែក្លិប Chelsea មិនយល់ព្រម ដោយចង់បានតម្លៃរបស់ Romelu Lukaku ប្រមាណ ៤៦លានផោន។ យ៉ាងណាក៏ដោយ ការចរចាទិញលក់កីឡាករទាំងពីររូបនេះបានសម្រេច និងភាពដាច់ដោយឡែកពីគ្នា ដោយនៅខណៈនេះ Chelsea នឹងលក់ Lukaku ចេញ ហើយការទិញ Osimhen ជារឿងបន្តបន្ទាប់។
លេងនៅ Chelsea កីឡាករវ័យ៣១ឆ្នាំ Lukaku ទទួលបានប្រាក់ឈ្នួលប្រមាណ ៤២០,០០០ដុល្លារក្នុងមួយសប្ដាហ៍ តែការផ្លាស់ទៅកាន់ Napoli នេះរូបគេត្រូវយល់កាត់ប្រាក់ពលកម្មមួយចំនួន។ យ៉ាងណា ការផ្លាស់ទៅកាន់ Napoli មានន័យថា Romelu Lukaku នឹងស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Antonio Conte ម្ដងទៀត ដោយលោកធ្លាប់ដឹកនាំរូបគេកាលពីនៅដឹកនាំ Inter Milan ចំនួន២ឆ្នាំ ពីឆ្នាំ ២០១៩-២០២១ ជាពេលដែលរូបគេលេងបានយ៉ាងល្អ ដោយបានបង្ហាញខ្លួន ៩៥ដង ស៊ុតបញ្ចូលទីបាន ៦៤គ្រាប់។
សូមបញ្ជាក់ថា Romelu Lukaku បានចូលរួមជាមួយ Chelsea ជាលើកទី២ ក្រោយផ្លាស់ចេញពី Inter Milan កាលពីឆ្នាំ២០២១។ យ៉ាងណា ២រដូវកាលកន្លងទៅ រូបគេមិនបានលេងអោយក្លិបតោខៀវនោះទេ ដោយត្រូវបានខ្ចីជើងទៅកាន់ Inter Milan វិញនៅរដូវកាល ២០២២-២៣ និងត្រូវបន្តខ្ចីជើងទៅកាន់ Roma នៅរដូវកាល ២០២៣-២៤៕