ក្លិបអង់គ្លេស Arsenal បានទទួលជោគជ័យក្នុងការនាំយកខ្សែបម្រើ Mikel Merino ពីក្លិបអេស្ប៉ាញ Real Sociedad ក្នុងតម្លៃប្រមាណ ៣១,៦ លានផោន។
កីឡាករអេស្ប៉ាញ បានចុះកុងត្រារយៈពេល៤ឆ្នាំ អមដោយជម្រើសបន្លាយថែម ១២ខែ ទៀតសម្រាប់ការលេងនៅទឹកដី Emirate។
ជុំវិញការផ្ទេរចូល Mikel Merino នេះដែរ គ្រូបង្វឹក Arsenal លោក Mikel Arteta បានបង្ហាញអារម្មណ៍រីករាយ និង ថា កីឡាកររូបនេះ នឹងនាំយកនូវគុណផល និង បទពិសោធរបស់គេក្នុងការជួយក្រុមសម្រាប់ការប្រកួតប្រជែង។
កីឡាករ វ័យ២៨ឆ្នាំ រូបនេះ គឺជាផ្នែកមួយនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលបានឈ្នះពានរង្វាន់ UEFA Euro 2024 ដោយបានបង្ហាញខ្លួនគ្រប់ការប្រកួតទាំងអស់ ហើយរូបគេបានស៊ុតបញ្ចូលទីនាទីចុងក្រោយជួយក្រុមអេស្ប៉ាញ ឈ្នះក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នៅវគ្គ៨ក្រុមចុងក្រោយផងដែរ។
Mikel Merino បានក្លាយជាកីឡាករទី៣ដែល Arsenal នាំចូលរួមក្លិបក្នុងទីផ្សារដោះដូរកីឡាករ រដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារអ៊ីតាលី Riccardo Calafiori ផ្ទេរពីក្លិបអ៊ីតាលី Bologna និងអ្នកចាំទីអេស្ប៉ាញ David Raya ផ្ទេរពីក្លិបរួមលីគ Brentford បន្ទាប់ពីរូបគេបានលេងអោយ Arsenal ជាកីឡាករខ្ចីជើងកាលពីរដូវកាលមុនរួចមក។
តាមពិតទៅ Mikel Merino ក៏ធ្លាប់បានមកលេងនៅក្របខណ្ឌ Premier League រួចហើយដែរ ដោយលេងអោយក្លិប Newcastle United រដូវកាល ២០១៧-១៨ មុនផ្ទេរទៅកាន់ក្លិប Real Sociedad ដោយនៅក្លិបអេស្ប៉ាញគេបានបង្ហាញខ្លួន ២៤២ដង ស៊ុតបញ្ចូលទីបាន២៧គ្រាប់។
ដោយឡែក Arsenal បានចាប់ផ្តើមការប្រកួតក្របខណ្ឌ Premier League 2024-25 ជាមួយលទ្ធផលល្អគឺឈ្នះទាំង២ប្រកួតដំបូង។ ការប្រកួតជាបន្តគឺ Arsenal ត្រូវធ្វើដំណើរទៅប៉ះ Brighton & Hove Albion នៅចុងសប្តាហ៍នេះ៕