សារព័ត៌មាន Skysport បានរាយការណ៍ថា ខ្សែប្រយុទ្ធ Federico Chiesa របស់ក្លិបអ៊ីតាលី Juventus បានយល់ព្រមមកចូលរួមជាមួយក្លិបអង់គ្លេស Liverpool។
ក្លិបទាំង២ បានឯកភាពគ្នារឿងតម្លៃផ្ទេរប្រមាណ ១០លានផោន ស្របពេលសាមីកីឡាករ ក៏យល់ព្រមក្នុងការផ្លាស់មកកាន់ការប្រកួតនាក្របខណ្ឌ Premier League ។
Federico Chiesa ត្រៀមធ្វើការត្រួតពិនិត្យសុខភាព និងបំពេញលក្ខខណ្ឌផ្សេងៗ មុនក្លាយខ្លួនជាសមាជិក Liverpool ជាផ្លូវការ។ របាយការណ៍ដដែលអោយដឹងថា កីឡាករអ៊ីតាលី អាចនឹងចុះកុងត្រារយៈពេល៤ឆ្នាំ។
កន្លងមកមានការរាយការណ៍អោយដឹងថា កីឡាករវ័យ២៦ឆ្នាំ មានបំណងចង់ចូលរួមជាមួយក្លិប Barcelona ទេ ប៉ុន្តែ ដោយសារក្លិបអេស្ប៉ាញមួយនេះ កំពុងមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបការផ្ទេរមិនអាចសម្រេចទៅបាន។ បន្ទាប់ពីនោះមក ស្រាប់តែ ក្លិប Liverpool បានក្លាយជាក្លិបនាំមុខគេ ក្នុងការប្រជែងយក Federico Chiesa។ ការចរចាមានរយៈពេលខ្លី គឺត្រឹមតែ៣ ថៃ្ងប៉ុណ្ណោះ ក៏ទទួលបានជោគជ័យ។
Federico Chiesa បានចូលរួមជាមួយក្លិប Juventus ពីក្លិប Fiorentina ក្នុងឆ្នាំ ២០២០ ជាមួយតម្លៃខ្លួនរហូតដល់ ៥៤ លានផោន។ រូបគេបានលេង ១៣១ ដងសម្រាប់ក្លិប និងជាផ្នែកមួយនៃក្រុមដែលឈ្នះពានរង្វាន់ UEFA Euro 2020 របស់ប្រទេសអ៊ីតាលី ប៉ុន្តែទម្រង់លេង និងរបួសបាន រារាំងដល់ការបង្ហាញខ្លួនរបស់គេក្នុងរដូវកាលថ្មីៗនេះ។
ការនាំយក Chiesa គឺជាការផ្ទេរធំមួយរបស់ក្លិប Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arna Slot។ ក្រៅពី Chiesa ហើយក្លិប Liverpool ទើបនាំចូលអ្នកចាំទីវ័យ ២៣ ឆ្នាំ Giorgi Mamardashvili ពីក្លិបអេស្ប៉ាញ Valencia ដោយរូបគេនឹងផ្លាស់មកកាន់ទឹកដី Anfield នៅរដូវកាលក្រោយ។
ដោយឡែក Liverpool បានបើកឆាកការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ ក្នុងទម្រង់លេងល្អដោយលេងបាន ២ ប្រកួត ឈ្នះទាំង ២ ប្រកួត៕