គ្រូបង្វឹក Manchester United លោក Erik Ten Hag នៅតែមានជំនឿចិត្តថា កូនក្រុមរបស់ខ្លួននៅតែទទួលបាននូវភាពជោគជ័យ បើទោះបីជាការចាប់ផ្ដើមការប្រកួតក្របខណ្ឌ Premier League 2024-05 មានលទ្ធផលមិនសូវគាប់ប្រសើរក្តី។
ជាការពិត Man UTD ទើបតែប្រកួតចាញ់ Liverpool ដោយលទ្ធផល ៣-០ នៅក្នុងកីឡដ្ឋាន Old Trafford សម្រាប់ជំនួបសប្តាហ៍ទី៣។ គ្រាប់បាល់ទាំងអស់របស់ក្រុមភ្ញៀវហង្សក្រហម ធ្វើបានដោយ Luis Díaz សម្រេចបាន២គ្រាប់ នៅនាទី៣៥ និង នាទី៤២ និង Mohamed Salah សម្រេចបាន១គ្រាប់នៅនាទី ៥៦។
ដ្បិតតែប្រកួតចាញ់ Liverpool មែនតែគ្រូ Man UTD លោក Ten Hag នៅតែច្បាស់ក្នុងចិត្ត និងមានគំនិតសុទិដ្ឋិនិយមសម្រាប់ក្រុមរបស់លោក ដោយជាពិសេសលោកមើលឃើញថា នៅពេលដែលកូនក្រុមរបស់លោកទាំងថ្មីនិងចាស់ អាចសម្របខ្លួនបានល្អជាមួយគ្នា នោះគឺជាពេលដែលក្រុមបិសាចក្រហមអាចឆ្ពោះទៅរកភាពខ្លាំងបាន។
គ្រូបង្វឹកជនជាតិហូឡង់បាននិយាយប្រាប់ដូច្នេះ “យើងមានការប្រកួតច្រើន ហើយខ្ញុំដឹងច្បាស់ថាយើងនឹងស្ថិតនៅចំណុចណានៅពេលបញ្ចប់រដូវកាល។ លេងច្រើនប្រកួតទៅច្រើនប្រកួតទៅ និងលេងច្រើនសប្ដាហ៍ យើងនឹងឆ្ពោះទៅរកពាន។
លោក Ten Hag បានបន្តថា “ខ្ញុំមិនមានអារម្មណ៍ថាយើងស្ថិតនៅចំណុចនោះដដែលទេ។ នេះទើបជាការចាប់ផ្ដើមប៉ុណ្ណោះ។ ខ្ញុំមើលឃើញចំណុចល្អជាច្រើន ដូច្នេះយើងនឹងអាចកែប្រែស្ថានការណ៍បាន ហើយយើងនឹងតាមទាន់ការប្រជែងពានរង្វាន់។”
៣ប្រកួតនៅក្របខណ្ឌ Premier League 2024-05 កន្លងមក Man UTD បានឈ្នះ Fulham ក្នុងប្រកួតបើកឆាក ១-០ តែបានចាញ់២ប្រកួតជាប់គ្នា គឺ ចាញ់ Brighton & Hove Albion ២-១ និង ចាញ់ Liverpool ៣-០ នេះ។
បច្ចុប្បន្ន Man UTD បានរអិលចុះទៅឈរនៅលេខ ១៤ នៃតារាងពិន្ទុ Premier League 2024-05 ដោយមានតែ៣ពិន្ទុ ខណៈ Liverpool នៅឈរលេខ២ មាន៩ពិន្ទុ ស្មើពិន្ទុក្រុមកំពូលតារាង Man City៕