ខ្សែប្រយុទ្ធ Mohamed Salah បាននិយាយថា ការប្រកួតនៅរដូវកាលនេះ ទំនងជាការប្រកួតរដូវកាលចុងក្រោយរបស់រូបគេជាមួយក្លិប Liverpool ហើយ។
កីឡាករអេហ្ស៊ីបនឹងត្រូវផុតកំណត់កិច្ចសន្យាជាមួយក្លិប Liverpool នៅរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែបច្ចុប្បន្ននេះ មិនមានថ្នាក់ដឹកនាំណានៅក្នុងក្លិបនិយាយជាមួយរូបគេ អំពីការបន្តកុងត្រាថ្មីឡើយ។
Salah ទើបតែបង្ហាញសមត្ថភាពជួយរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតដែល Liverpool ឈ្នះ Man UTD ដោយលទ្ធផល ៣-០ ក្នុងការប្រកួតក្របខណ្ឌ Premier League 2024-25 នាកីឡដ្ឋាន Old Trafford កាលពីយប់មិញ។
ក្រោយចប់ការប្រកួត កីឡាករវ័យ៣២ឆ្នាំ បានអះអាងថា រូបគេបានចាត់ទុកការប្រកួតនេះ ជាការប្រកួតចុងក្រោយដែលគេលេងនាកីឡដ្ឋាន Old Trafford អញ្ចឹងដែរ។
Mohamed Salah បានថ្លែងដូច្នេះ “ខ្ញុំបានចូលលេងការប្រកួតមួយដែលខ្ញុំបានចាត់ទុកថា វាអាចជាការប្រកួតចុងក្រោយនៅទីលានទីនេះ។ ថ្នាក់ដឹកនាំរបស់ក្លិបបច្ចុប្បន្ន មិនមានអ្នកណា និយាយជាមួយខ្ញុំអំពីការបន្តកុងត្រាថ្មីទេ។ បែបនេះខ្ញុំយល់ហើយថា ខ្ញុំប្រហែលជាលេងជាមួយក្លិប Liverpool នៅរដូវកាលចុងក្រោយរបស់ខ្ញុំជាមួយពួកគេហើយ។ យ៉ាងណា ខ្ញុំមិនច្បាស់នោះទេ វាអាចមានរឿងផ្សេងកើតឡើងនៅឆ្នាំក្រោយទៀត។”
សូមបញ្ជាក់ថា Mohamed Salah បានមកចូលរួមជាមួយក្លិប Liverpool ដោយផ្លាស់ចេញពីក្លិប អ៊ីតាលី AS Roma នៅឆ្នាំ ២០១៧ ដោយមកទល់ពេលនេះរូបគេបានបង្ហាញខ្លួន ៣៥២ ប្រកួត ស៊ុតបាន ២១៤ គ្រាប់នៅគ្រប់ការប្រកួតជាមួយ Liverpool។ រូបគេបានរួមចំណែកឈ្នះពានរង្វាន់ ជាច្រើនជាមួយក្លិបដូចជា Premier League ១ដង FA Cup ១ដង EFL Cup ១ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដងផងដែរ។
កាលពីខែកញ្ញាឆ្នាំទៅ Mohamed Salah ត្រូវបានក្លិប Al-Ittihad នៅលីគកំពូលអារ៉ាប៊ីសាអូឌីត ដាក់សំណើចង់បានក្នុងតម្លៃដល់ទៅ ១៥០លានផោន ប៉ុន្តែត្រូវបានបដិសេធទៅវិញ៕