×

ខ្សែបម្រើ Manuel Ugarte ថា ខ្លួនរំភើបបំផុតដែលបានចូលរួមជាមួយ Man UTD

ខ្សែបម្រើ Manuel Ugarte បាននិយាយកាលពីពេលថ្មីៗនេះថា រូបគេមានភាពរំភើបរីករាយបំផុតដែលទីបំផុត រូបគេបានចូលរួមជាមួយនឹងក្លិប Man UTD។

ជាការពិត កីឡាករអ៊ុយរូហ្កាយ វ័យ ២៣ឆ្នាំ បានចាកចេញពីក្លិប Paris St Germain នៅក្របខណ្ឌ Ligue 1 មកចូលរួមក្លិប Man UTD នៃក្របខណ្ឌ Premier League តម្លៃប្រមាណ ៤២,១ លានផោន ដោយរូបគេបានចុះកុងត្រារយៈពេល ៥ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៩ អមដោយជម្រើសអាចបន្លាយថែមជាច្រើនឆ្នាំទៀត។

Man UTD បានចំណាយពេលជាង២ខែ ដើម្បីផ្ទេរបានសម្រេចនូវ Manuel Ugarte ។ មែនទែនទៅ សាមីកីឡាករ ចង់មកលេងជាមួយ Man UTD តាំងពីពេលទាក់ទងដំបូង តែបញ្ហាតម្លៃផ្ទេរទៅវិញទេជាមួយ PSG ដែលនាំអោយមានការអូសបន្លាយពេលវេលាដ៏យូរបែបនេះ។ យ៉ាងណា ទីបំផុត រូបគេអាចផ្ទេរមកកាន់ទឹកដី Old Trafford បានដូចបំណង។

ជាមួយនឹងការទទួលជោគជ័យក្នុងការផ្លាស់មកលេងអោយក្លិបក្នុងក្តីសម្រៃបែបនេះ Manuel Ugarte បានបង្ហាញពីអារម្មណ៍រីករាយរបស់ខ្លួនតាមរយៈការបង្ហោះលើគណនីសង្គមរបស់ខ្លួនថា “ខ្ញុំមានភាពរំភើបបំផុត ដែលបានមកចូលរួមជាមួយ Man UTD។ វាជាអារម្មណ៍ដែលសឹងមិនអាចបរិយាយជាពាក្យសម្តីបាន ប៉ុន្តែខ្ញុំពេញចិត្តក្នុងការបង្ហាញសមត្ថភាពជាមួយក្លិបបាល់ទាត់ដែលមានការកោតសរសើរ និងការគាំទ្រច្រើនបំផុតនៅលើពិភពលោកមួយនេះ។”

ជាមួយគ្នានោះដែរ ប្រធានផ្នែកកីឡារបស់ក្លិប Man UTD លោក Dan Ashworth បាននិយាយថា “ការនាំយក Manuel Ugarte មករួមក្លិប គឺជារឿងល្អ ហើយយើងបានដាក់គោលដៅចម្បងលើរូបគេនៅទីផ្សារដោះដូរកីឡាករកន្លងមក។”

Manuel Ugarte បានបង្ហាញទម្រង់លេងយ៉ាងល្អអោយ Paris St Germain ។ កាលពីរដូវកាលកន្លងទៅ រូបគេលេងសរុបអោយក្លិបបានចំនួន ៣៧ ប្រកួត។ មុនមកលេងអោយ Paris St Germain រូបគេមានបទពិសោធន៍លេងចំនួន ២ រដូវកាលអោយក្លិបព័រទុយហ្គាល់ Sporting CP ហើយលេងនៅទីនោះសរុប ៨៥ ប្រកួត។

នារដូវកាលដោះដូរនេះ Man UTD ហាក់មានភាពសកម្មយ៉ាងខ្លាំង។ ក្លិបទើបនាំចូលកីឡាករក្មេងៗ និងកំពុងមានទម្រង់លេងល្អដោយ ក្នុងនោះរួមមាន ខ្សែប្រយុទ្ធសញ្ជាតិហុល្លង់វ័យ ២៣ ឆ្នាំ Joshua Zirkzee ខ្សែការពារបារាំងវ័យ ១៨ ឆ្នាំ Leny Yoro ខ្សែការពារហុល្លង់វ័យ ២៥ ឆ្នាំ Matthjis de Ligt និងខ្សែការពារស្លាបម៉ារ៉ុក ២៦ ឆ្នាំ Noussair Mazraoui៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង