ខ្សែប្រយុទ្ធ Dominic Solanke បានក្លាយជាកីឡាករមានតម្លៃផ្ទេរថ្លៃជាងគេនៅទីផ្សារដោះដូរកីឡាករលើកទី១នៅក្របខណ្ឌ Premier League 2024-25 នេះ។
កីឡាករអង់គ្លេសវ័យ២៦ឆ្នាំ បានចូលរួមជាមួយក្លិប Tottenham Hotspur ដោយផ្ទេរចេញពី ក្លិប AFC Bournemouth តម្លៃដល់ទៅ ៥៥លានផោន។
ជាការពិត ទីផ្សារដូរដោះកីឡាករលើកទី១ នៅអង់គ្លេស ប្រចាំរដូវកាល ២០២៤-២៥ បានបិទបញ្ចប់ហើយកាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងនោះដែរ ក្លិបនៅក្របខណ្ឌ Premier League ទាំង២០ក្លិបបានចាយអស់ ១,៥ពាន់លានផោន។
ចំណោមក្លិបបាល់ទាត់នៅលីគកំពូលអង់គ្លេស ក្លិប Chelsea មានប្រតិបត្តិការណ៍ផ្ទេរកីឡាករចេញ និងចូលច្រើនជាងគេ ស្របពេល ក្លិប Brighton ចំណាយលើការផ្ទេរកីឡាករចូលច្រើនជាងគេ និងក្លិប Manchester City ទទួលបានប្រាក់ចំណួលពីការផ្ទេរកីឡាករចេញច្រើនបំផុត។
ក្រោយទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបិទបញ្ចប់ ក្នុងនោះគេបានរកឃើញថា ចំណោមការផ្ទេរកីឡាករនៅក្របខណ្ឌ Premier League 2024-25 គឺខ្សែប្រយុទ្ធ Dominic Solanke មានតម្លៃផ្ទេរថ្លៃជាងគេ។ តាមពិតទៅ ខ្សែប្រយុទ្ធ Julian Alvarez ជាកីឡាករមានតម្លៃផ្ទេរថ្លៃជាងគេ ៨១,៨លានផោន ប៉ុន្តែដោយសារកីឡាករអាហ្សង់ទីន ផ្ទេរចេញពី Man City ទៅក្លិបអេស្ប៉ាញ Atletico Madrid ទើបមិនត្រូវរាប់បញ្ចូល។
សម្រាប់កីឡាករដែលមានតម្លៃផ្ទេរចូលទៅក្លិបនៅលីគកំពូលអង់គ្លេសថ្លៃជាងគេលំដាប់ទី២គឺ ខ្សែការពារ Leny Yoro ផ្ទេរពីក្លិបបារាំង Lille ទៅក្លិប Man United តម្លៃ ៥២ លានផោន លំដាប់លេខ៣គឺ ខ្សែបម្រើ Pedro Neto ផ្ទេរពីក្លិប Wolves ទៅក្លិប Chelsea តម្លៃ ៥១,៤លានផោន ខណៈលំដាប់លេខ៤ គឺខ្សែបម្រើ Amadou Onana ផ្ទេរពីក្លិប Everton ទៅក្លិប Aston Villa តម្លៃ ៥០លានផោន ហើយលំដាប់ទី៥នោះគឺ ខ្សែបម្រើ Manuel Ugarte ផ្ទេរពីមកពីក្លិបបារាំង Paris Saint Germain មកក្លិប Man United តម្លៃ ៤២,១លានផោន៕