×

លោក Arne Slot ថា ចង់ឃើញ Mohamed Salah បន្តលេងជាមួយ Liverpool យូរអង្វែងទៀត

គ្រូបង្វឹកលោក Arne Slot បានអះអាងកាលពីពេលថ្មីៗនេះថា រូបលោកចង់ឃើញខ្សែប្រយុទ្ធ Mohamed Salah បន្តលេងជាមួយក្លិប Liverpool យូរអង្វែងទៀត។

ការលើកឡើងរបស់បុរសជនជាតិហូឡង់ គឺបន្ទាប់ពីកីឡាករ Mohamed Salah បាននិយាយក្រោយចប់ការប្រកួតឈ្នះ Man UTD ៣-០ នៅកីឡដ្ឋាន Old Trafford នៅក្នុងក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅថា ការប្រកួតនៅរដូវកាលនេះ ទំនងជាការប្រកួតរដូវកាលចុងក្រោយរបស់រូបគេជាមួយក្លិប Liverpool ហើយ។

កីឡាករអេហ្ស៊ីប វ័យ៣២ឆ្នាំ នឹងត្រូវផុតកំណត់កិច្ចសន្យាជាមួយក្លិប Liverpool នៅរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែបច្ចុប្បន្ននេះ មិនមានថ្នាក់ដឹកនាំណានៅក្នុងក្លិបនិយាយជាមួយរូបគេ អំពីការបន្តកុងត្រាថ្មីឡើយ។

យ៉ាងណាជុំវិញរឿងនេះ លោក Arne Slot បានឆ្លើយតបថា លោកពិតជាចង់ឃើញកីឡាករមានសមត្ថភាពដូចជា Mohamed Salah បន្តការលេងយូរអង្វែងជាមួយក្លិប Liverpool ហើយលោកចង់រួមការងារជាមួយកីឡាករតទៀត។

គ្រូបង្វឹកវ័យ វ័យ៤៥ឆ្នាំ បានថ្លែងដូច្នេះ “វានឹងមានរឿងច្រើនដែលយើងត្រូវនិយាយគ្នា ប៉ុន្តែនៅខណៈនេះ Mohamed Salah គឺជាសមាជិករបស់ពួកយើង ហើយខ្ញុំរីករាយដែលវត្តមានរបស់គេបានជួយក្រុមទទួលលទ្ធផលល្អប្រសើរ។ ពេលនេះខ្ញុំមិនទាន់អាចប្រាប់ពីកិច្ចសន្យាជាមួយរូបគេបានទេ ប៉ុន្តែមែនទែនទៅ ខ្ញុំនៅតែចង់រួមការងារជាមួយគេ។”

Mohamed Salah កីឡាកររបស់ Liverpool គឺជាកីឡាករម្នាក់ ប្រចាំប្រវត្តិសាស្ត្រក្របខណ្ឌ Premier League ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ស្ថិតក្នុងការប្រកួតកីឡដ្ឋាន Old Trafford ចំនួន ៧គ្រាប់ ហើយសម្រាប់ការប្រកួតទល់នឹង Man UTD កន្លងទៅថ្មីៗនេះ Salah បានបង្កើតឱកាសបញ្ជូនបាល់ ២គ្រាប់ ខណៈរូបគេខ្លួនឯងក៏រួមចំណែករកបានគ្រាប់បាល់ ១គ្រាប់ ដែរ។

ដោយឡែក Mohamed Salah នៅតែស្ថិតក្នុងចំណោមជម្រើស ១១នាក់ ដំបូងរបស់គ្រូបង្វឹកថ្មីលោក Arne Slot ដែលទើបចូលមកដឹកនាំ Liverpool ជំនួសតំណែងលោក Jurgen Klopp ដែលលាលែងពីតំណែង។ ការបង្ហាញសមត្ថភាពដ៏ល្អរបស់ Salah ក៏បានជួយធ្វើអោយក្តីស្រមៃរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ ចំពោះអាជីពដឹកនាំក្លិបក្នុងប្រទេសអង់គ្លេស ទទួលបានជោគជ័យជាបន្តបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង