×

Chelsea បន្លាយកុងត្រាខ្សែប្រយុទ្ធ Nicolas Jackson ដល់ឆ្នាំ២០៣៣

ក្លិបអង់គ្លេស Chelsea បានសម្រេចបន្លាយកិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធ Nicolas Jackson ចំនួន២ឆ្នាំបន្ថែមទៀត ដែលនឹងធ្វើអោយរូបគេលេងនាកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ ២០៣៣ ឯណោះ។

ការបន្លាយកិច្ចសន្យានេះ មានន័យថា Chelsea នឹងរក្សាទុកកីឡាករសេណេហ្កាល់នៅជាមួយក្លិបរយៈពេល ៩ឆ្នាំ ហើយវាជាការឆ្លើយតប និង បង្កើនទំនុកចិត្តផងដែរ ដល់កីឡាករ ដែលផ្ទេរមកពីក្លិបអេស្ប៉ាញ Villarreal កាលពីរដូវក្តៅឆ្នាំមុន ក្នុងតម្លៃ ៣២លានផោន។

នៅពេលត្រូវបានសួរនាំ អំពីការបន្លាយកិច្ចសន្យាថ្មី របស់កីឡាករវ័យ២៣ឆ្នាំនោះ គ្រូបង្វឹក Chelsea លោក Enzo Maresca បានអោយដឹងដូច្នេះថា “ជារឿងល្អដែលក្លិបបន្លាយកិច្ចសន្យាថ្មីដល់ Nicolas Jackson។ ខ្ញុំរីករាយ ព្រោះរូបគេជាកីឡាករដែលបង្ហាញការលេងយ៉ាងល្អដល់ពួកយើង។”

ការបន្លាយកិច្ចសន្យាថ្មីដល់ Nicolas Jackson បានកើតឡើងបន្ទាប់ពី Chelsea បានបន្លាយកិច្ចសន្យាថ្មីចំនួន២ឆ្នាំបន្ថែមទៀតដល់ ខ្សែបម្រើ Cole Palmer ដល់ឆ្នាំ២០៣៣ដែរ នៅមុនពេលយុទ្ធនាការរដូវកាលថ្មីចាប់ផ្តើម។

Nicolas Jackson បានស៊ុតបញ្ចូលទី១៤គ្រាប់ ពីការបង្ហាញខ្លួន ៣៥ដង នៅក្របខណ្ឌ Premier League អោយ Chelsea កាលពីរដូវកាលមុន។ សម្រាប់ការប្រកួត ក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ នេះ រូបគេបានបង្ហាញខ្លួនទាំង៣ប្រកួតដំបូង និង ស៊ុតបញ្ចូលទីបាន២គ្រាប់។

ដោយឡែក ៣ប្រកួតដំបូងរបស់ Chelsea នៅក្នុងការប្រកួតប្រកួត ក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ នេះ ទទួលបានលទ្ធផល ចាញ់១ ឈ្នះ ១ ស្មើ ១ដង។ ពួកគេកំពុងឈរចំណាត់ថ្នាក់លេខ ១១ ក្នុងតារាងពិន្ទុ ដោយមាន៤ពិន្ទុ។

ការប្រកួត Premier League ជាបន្តរបស់ Chelsea គឺនឹងត្រូវធ្វើដំណើរទៅជួប Bournemouth នៅថ្ងៃទី ១៤ ខែកញ្ញា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង