ខ្សែបម្រើ Kevin de Bruyne បាននិយាយថា រូបគេមិនបានពិភាក្សាជាមួយក្លិបផ្សេងអំពីការចាកចេញពី ក្លិប Man City នៅទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅទេ។
កីឡាករសញ្ជាតិបែលហ្ស៊ិក អះអាងថា ខ្លួនបើកចំហចំពោះអ្វីគ្រប់យ៉ាង ហើយបាននិយាយជាមួយក្រុមគ្រួសារអំពីលទ្ធភាពចាកចេញពីក្លិប Man City បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបនៅអារ៉ាប៊ីសាអូឌីតនៅចុងបញ្ចប់នៃរដូវកាលមុន។
Kevin de Bruyne បានចូលរួមជាមួយក្លិប Man City ម្ចាស់ជើងឯក Premier League បច្ចុប្បន្ន កាលពីឆ្នាំ ២០១៥ ដោយផ្ទេរចេញពីក្លិបអាល្លឺម៉ង់ Wolfsburg មួយឆ្នាំមុនពេលលោក Pep Guardiola មកកាន់តំណែងជាគ្រូបង្វឹក។ លោក Pep Guardiola បានបញ្ជាក់ក្នុងរយៈពេលចុងក្រោយនេះថា De Bruyne មិនមែនជាកីឡាករដែលត្រូវលក់ចេញទេ ហើយសាមីកីឡាករផ្ទាល់ក៏មិនដែលពិភាក្សាជាមួយក្លិបផ្សេងអំពីការផ្ទេរចេញដែរ។
ជុំវិញរឿងនេះ De Bruyne បានប្រាប់សារពត៌មាន BBC ថា “ខ្ញុំមិនបាននិយាយជាមួយក្លិបផ្សេងទេ។ មានព័ត៌មានជាច្រើនអំពីការផ្ទេរចេញរបស់ខ្ញុំ យ៉ាងណា ខ្ញុំរំពឹងថានឹងមានរដូវកាលដ៏ស្ងប់ស្ងាត់ អំពីពត៌មានរបស់ខ្ញុំ។ ខ្ញុំបានទៅវិស្សមកាលរយៈពេល ៤ សប្តាហ៍ ត្រលប់មកវិញ ហើយចាប់ផ្តើមហ្វឹកហាត់។ នោះហើយជាអ្វីដែលខ្ញុំចង់បាន។”
កីឡាករវ័យ ៣៣ ឆ្នាំនៅមានរយៈពេល១ឆ្នាំដើម្បីដំណើរការលើកិច្ចសន្យាដែលមានស្រាប់របស់គេជាមួយ Man City ហើយកំពុងរំពឹងថានឹងមានការពិភាក្សាជាមួយក្លិបអំពីអនាគតនាពេលឆាប់ៗ។
Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានចាប់ផ្តើមការប្រកួតដោយលទ្ធផលឈ្នះ ១០០ភាគរយ ក្នុងយុទ្ធនាការការការពារតំណែងជើងឯក Premier League របស់ពួកគេ ដោយ៣ប្រកួតដំបូងនេះដែរ Kevin de Bruyne មានវត្តមានទាំងអស់ និងបានស៊ុតបញ្ចូលទី ១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទី១ដងផងដែរ។
គិតមកទល់ពេលនេះ Kevin de Bruyne បានបង្ហាញខ្លួន ៣៨៥ប្រកួត ស៊ុតបាន១០៣ដង អោយ Man City និងរួមចំណែកឈ្នះពានរង្វាន់ Premier League ៦ដង FA Cup ២ដង EFL Cup ៥ដង និង UEFA Champions League ១ដងផងដែរ៕