គ្រូបង្វឹក Man City លោក Pep Guardiola ត្រូវបានសារព័ត៌មាន The Times ចុះផ្សាយថា លោកបានអោយរង្វាន់ជាលុយសុទ្ធទៅដល់កីឡាករ និងបុគ្គលិកក្លិបទាំងអស់ដែលរួមការងារជាមួយលោក ដើម្បីជាការអរគុណចំពោះការងារដ៏ល្អរបស់ពួកគេកាលពីរដូវកាលមុន។
ជាការពិត បុរសជនជាតិអេស្ប៉ាញ បានចំណាយប្រាក់ផ្ទាល់ខ្លួន ក្នុងការធ្វើជាកាដូទឹកប្រាក់សុទ្ធ ទុកជាការលើកទឹកចិត្តប្រមាណ១ម៉ឺនផោនក្នុងមួយនាក់ សម្រាប់ក្រុមជំនួយការ បុគ្គលិកក្លិប រួមទាំងបុគ្គលិកសន្តិសុខ បុគ្គលិកចុងភៅជាដើម ចន្លោះពី៦០ ទៅ៧០នាក់ សរុបទឹកប្រាក់អស់ប្រមាណ ៥០ម៉ឺនផោនឯណោះ។
ជារឿយៗ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Pep Guardiola តែងតែលើកសមាជិក និងបុគ្គលិកក្លិប Man City ទាំងអស់ដើម្បីបង្ហាញពីការរួមចំណែករបស់ពួកគេរៀងខ្លួន ក្នុងការធ្វើអោយក្រុមទាំងមូលមានភាពលេចធ្លោ និងស្តង់ដារខ្ពស់។
ជុំវិញរឿងនេះលោក Pep Guardiola ធ្លាប់បាននិយាយថា “យើងបានឈ្នះតិចឬច្រើន ដោយសារពួកយើងបានរួមគ្នាយ៉ាងល្អឥតខ្ចោះ រវាងកីឡាករ បុគ្គលិក សិន្តិសុខ របស់ក្លិបទាំងអស់។ អារម្មណ៍របស់យើងពិតជាល្អ ហើយអារម្មណ៍បែបនេះយើងមានច្រើនឆ្នាំមកហើយ។”
លោក Pep Guardiola បានមកដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក ដោយលោកបានធ្វើការអភិវឌ្ឍក្លិបនេះទៅជាក្លិបដែលឈានមុខគេនៅក្របខណ្ឌ Premier League ដោយលោកបានដឹកនាំឈ្នះពានជាច្រើនរាប់បញ្ចូលទាំងពាន Premier League និង ពាន UEFA Champions League។
ជាក់ស្តែង កាលពីរដូវកាលមុន Man City បានក្លាយជាក្រុមដំបូងគេក្នុងពិភពបាល់ទាត់អង់គ្លេសដែលឈ្នះពានលីគក្នុងរយៈពេល៤រដូវកាលជាប់គ្នា។ ពួកគេក៏បានឈានដល់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ៧រដូវកាលជាប់ៗគ្នាផងដែរ។ Man City ក៏បានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។
លទ្ធផលល្អប្រសើរនេះបានបង្ហាញអោយឃើញថា លោក Pep Guardiola មិនត្រឹមតែជាគ្រូបង្វឹកដ៏ជោគជ័យបំផុតក្នុងពិភពបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែរូបលោក ក៏ជាមនុស្សដែលមានចិត្តទូលាយ និងយល់ពីសារៈសំខាន់លើការជំរុញស្មារតីក្រុម និងការកសាងទំនាក់ទំនងរវាងបុគ្គលិក និងកីឡាករក្នុងក្លិបផងដែរ៕