ក្លិប Arsenal នៅក្របខណ្ឌ Premier League បានបដិសេធសំណើទិញខ្សែប្រយុទ្ធ Leandro Trossard ពីក្លិប Al Ittihad នៅក្របខណ្ឌ Saudi Pro League ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC នៅអង់គ្លេស។
ក្លិប Al Ittihad បានបញ្ជូនសំណើផ្លូវការក្នុងការផ្ទេរចូលកីឡាករ បែលហ្ស៊ីក ពីក្លិប Arsenal ក្នុងនាមជាកីឡាករខ្ចីជើងសិន មុនសម្រេចទិញផ្តាច់ជាអចិន្ត្រៃយ៍ ក្នុងតម្លៃ ២៥លានអឺរ៉ូ។
យ៉ាងណា ក្រោយទទួលបានសំណើនេះ ក្លិបកាំភ្លើងធំបានបដិសេធវិញ ហើយបានបញ្ជាក់ថា Trossard គឺជាកីឡាករសំខាន់មួយរបស់ក្លិប មិនមែនជាគោលដៅសម្រាប់ផ្ទេរចេញឡើយ។
ការដាក់សំណើទិញរបស់ក្លិប Al Ittihad ក្នុងការនាំយក Leandro Trossard ត្រូវបានមជ្ឈដ្ឋានជាច្រើនយល់ថា គឺជារឿងដ៏ភ្ញាក់ផ្អើលមួយក្នុងរដូវកាលផ្ទេរលើកនេះ ដ្បិតអី កីឡាករវ័យ ២៩ឆ្នាំ គឺជាកីឡាករបង្គោលរបស់ក្លិប Arsenal ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Mikel Arteta។
មួយវិញទៀត សាមីកីឡាករផ្ទាល់ក៏កំពុងសប្បាយចិត្តក្នុងការលេងនៅទឹកដី Emirate Stadium ហើយកំពុងបង្ហាញទម្រង់លេងល្អអោយក្រុមផងដែរ។
Trossard បានមកចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០២៣ ដោយផ្ទេរចេញពីក្លិប Brighton & Hove Albion ។ គិតមកទល់ពេលនេះ រូបគេលេងសរុប ៧០ ប្រកួត និងស៊ុតចូល ១៩ គ្រាប់។
ចំពោះឥរិយាបថរបស់ក្លិប Al Ittihad គឺបញ្ជាក់ពីឥទ្ធិពលទឹកប្រាក់របស់ក្លិបនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតមួយនេះ ជាពិសេសក្នុងការផ្ទេរយកកីឡាករណាមួយរបស់ក្លិបនានា ដែលពួកគេពេញចិត្ត ដោយហ៊ានចំណាយថ្លៃផ្ទេរ និងអោយប្រាក់ឈ្នួលខ្ពស់ ដើម្បីទាក់ទាញកីឡាករល្អៗពីអឺរ៉ុបទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីត។
កន្លងមក ក្លិបនានានៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត បានទទួលជោគជ័យក្នុងការនាំចូលកីឡាករល្បីៗ ពីអឺរ៉ុបជាច្រើនរូបរួចមកហើយដូចជា Cristiano Ronaldo, Karim Benzema, N’Golo Kante និង Moussa Diaby ជាដើម៕