ខ្សែការពារ Jamal Lewis បានបំពេញការផ្លាស់ចេញពីក្លិបអង់គ្លេស Newcastle United ទៅចូលរួមក្លិបប្រេស៊ីល Sao Paulo ក្នុងនាមជាកីឡាករខ្ចីជើងរហូតដល់ចប់រដូវកាល។
កីឡាករវ័យ ២៦ឆ្នាំ បានក្លាយជាកីឡាករអៀរឡង់ខាងជើងទី១នៅក្នុងប្រវត្តិសាស្ត្រ ដែលទៅលេងអោយក្លិបដ៏ធំរបស់ប្រេស៊ីលមួយនេះ។
នៅក្នុងការផ្លាស់ទៅចូលរួម ក្លិប Sao Paulo នេះដែរ Jamal Lewis បានបង្ហាញពីភាពរីករាយរបស់ខ្លួន ដោយការសរសេរលើគេហទំព័ររបស់ក្លិបថា “ពេលដែលខ្ញុំទទួលបានឱកាសក្នុងការមកលេងជាមួយ Sao Paulo ខ្ញុំពិតជាមានភាពរីករាយណាស់។ នេះជាមោទនភាព និងជាកិត្តិយស សម្រាប់ខ្ញុំដែលបានមកលេងអោយក្លិបដ៏ធំបែបនេះ ហើយខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាពក្នុងការជួយក្លិបក្នុងការប្រជែងពានរង្វាន់នានា។”
Jamal Lewis មិនសូវមានឱកាសលេងទៀងទាត់ទេចាប់តាំងពីចូលរួមជាមួយ Newcastle United កាលពីឆ្នាំ ២០២០ ដោយផ្លាស់ពី Norwich ក្នុងតម្លៃ ១៥លានផោន និងចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។ ជាក់ស្តែង រូបគេ បង្ហាញខ្លួនបានតែ៣៦ប្រកួតប៉ុណ្ណោះ អោយ Newcastle United ដោយការបង្ហាញខ្លួនចុងក្រោយគឺតាំងពីខែមករា ឆ្នាំ២០២៣។ រដូវកាល ២០២៣-២៤ កន្លងទៅ Jamal Lewis បានទៅលេងខ្ចីជើងអោយក្លិប Watford ជាទីដែលរូបគេបង្ហាញខ្លួនបាន៣៨ដងក្នុងការប្រកួតគ្រប់កម្មវិធី។
វិលត្រឡប់មកទឹកដី St James’ Park វិញ Jamal Lewis ក៏មិនត្រូវបាន គ្រូបង្វឹកលោក Eddie Howe ដាក់បញ្ចូលក្នុងសមាសភាពក្រុមរបស់លោកដែរ ក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ នេះ មុនពេលរូបគេត្រូវបានប្រកាសពីការទៅចូលរួមជាមួយក្លិប Sao Paulo៕