×

លោក David Moyes អាចត្រឡប់មកដឹកនាំ ក្លិប Everton វិញ

សារព័ត៌មាន Football Insider បានរាយការណ៍អោយដឹងថា គ្រូបង្វឹក លោក David Moyes ត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់ មកចូលរួមធ្វើការជាមួយនឹងក្លិប Everton វិញ។

ជាការពិត ដំណឹងនេះបានលេចឮឡើង បន្ទាប់ពីការដឹកនាំរបស់គ្រូបង្វឹក Everton បច្ចុប្បន្ន លោក Sean Dyche ហាក់ដូចជាកំពុងស្ថិតនៅក្នុងភាពតានតឹង ដោយមិនទាន់ស្គាល់ជ័យជំនះ ឡើយក្នុង៣ប្រកួត៣ដំបូងនៃក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥នេះ។

Everton បានចាញ់ Brighton ៣-០ ចាញ់ Tottenham Hotspur ៤-០ និង ចាញ់ Bournemouth ៣-២ ដែលលទ្ធផលដ៏អាក្រក់នេះ ធ្វើអោយពួកគេស្ថិតនៅបាតតារាងតែម្តង មាន០ពិន្ទុ។

ប្រភពខាងដើមដដែលបានអោយដឹងថា លោក David Moyes ដែលមិនទាន់មានក្លិបដឹកនាំក្រោយចាកចេញពី West Ham United ក្រោយចប់រដូវកាល ២០២៣-២៤ នោះ ពេញចិត្តក្នុងការវិលត្រឡប់មកកាន់តួនាទីនាទឹកដី Goodison Park ជាលើកទី២ ប្រសិនបើក្លិបផ្តល់ឱកាស។

លោក Moyes ធ្លាប់ធ្វើការនៅទឹកដី Goodison Park កាលពីចន្លោះ ឆ្នាំ២០០២ ដល់ឆ្នាំ២០១៣។ ក្រោមការដឹកនាំ របស់លោក Moyes អំឡុងពេលនោះ Everton មិនដែលលើកពានរង្វាន់អង់គ្លេស ឬ ពានរង្វាន់ធំណាមួយទេប៉ុន្តែទម្រង់លេងរបស់ក្រុម មានការហក់ឡើងខ្ពស់ ជាច្រើនលើកនិងក៏ធ្លាប់ឡើង ដល់ចំណាត់លេខរៀងទី៤ នៅក្នុងលីគម្តងផងដែរ។

សម្រាប់លោក Sean Dyche វិញ មានកុងត្រាជាមួយក្លិបរហស្សនាមស្ករគ្រាប់រហូតដល់រដូវក្តៅឆ្នាំក្រោយ ប៉ុន្តែថ្នាក់ដឹកនាំក្លិបអាចនឹងបញ្ចប់មុខតំណែងរបស់លោក ប្រសិនបើលទ្ធផលនៅតែមិនមានភាពល្អប្រសើរ ហើយអ្នកគាំទ្រក្លិបមានការតវ៉ាខ្លាំង។

Everton នឹងវិលមកកាន់ការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥ ដោយត្រូវប៉ះក្រុម Aston Villa នៅកីឡដ្ឋាន Villa Park ថ្ងៃទី១៤ ខែកញ្ញា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង