×

នាយកផ្នែកកីឡារបស់ Man UTD បង្ហើបមូលហេតុអោយ Jadon Sancho ទៅលេងខ្ចីជើងនៅ Chelsea

នាយកផ្នែកកីឡារបស់ក្លិប Man UTD លោក Dan Ashworth បានប្រាប់ពីមូលហេតុ ដែលនាំអោយខ្សែបម្រើ Jadon Sancho ទៅលេងនៅក្លិប Chelsea ក្នុងនាមជាកីឡាករខ្ចីជើង ដោយថា រូបគេនឹងអាចស្វែងរកឱកាសទៀងទាត់មួយដើម្បីលេងបានពេញលេញ។

ជាការពិត កីឡាករវ័យ២៤ឆ្នាំ បានផ្ទេរទៅ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល អមដោយជម្រើសទិញផ្តាច់ក្រោយចប់រដូវកាល ២០២៤-២៥ នេះ តម្លៃចន្លោះពី ២០ ទៅ ២៥ លានផោន។

Jadon Sancho បានផ្លាស់ពីក្លិបអាល្លឺម៉ង់ Borussia Dortmund មកចូលរួមក្លិប Man UTD នៅឆ្នាំ ២០២១ ប៉ុន្តែរយៈពេលកន្លងមក រូបគេមិនទទួលបានជោគជ័យក្នុងការលេងនាកីឡដ្ឋាន Old Trafford នោះទេ។

អំឡុងរដូវកាល ២០២៣-២៤ រូបគេបានលេងអោយ Man UTD តែ៣ប្រកួតប៉ុណ្ណោះ មុនពេលត្រូវបានខ្ចីជើងទៅក្លិប Borussia Dortmund ។ ក្រោយចប់ការលេងខ្ចីជើងនៅ Dortmund កីឡាករអង់គ្លេសរូបនេះ បានត្រឡប់មកវិញ និងបានទទួលការស្វាគមន៍អោយចូលរួមការប្រកួតប្រជែងពានរង្វាន់មុនបើករដូវកាល ប៉ុន្តែក្នុងការប្រកួត Premier League រដូវកាលថ្មី ២ប្រកួតដំបូង រូបគេមិនត្រូវបានគ្រូបង្វឹកលោក Erik ten Hag ដាក់អោយដដែល។ ចុងក្រោយ Jadon Sancho បានសម្រេចផ្លាស់ទៅលេងអោយ Chelsea។

ជុំវិញរឿងនេះ ក៏មានការចោទសួរអំពីបញ្ហារបស់ Jadon Sancho ជាមួយក្លិប Man UTD ប៉ុន្តែ នាយកផ្នែកកីឡារបស់ក្លិបបិសាចក្រហម លោក Dan Ashworth បានទទូច និង លើកឡើងថា កីឡាករមិនត្រូវបានបណ្តោយអោយចាកចេញពីក្លិប ក្រោមមូលហេតុដែលមិនគោរពឆន្ទៈរបស់ក្លិបឬគ្រូបង្វឹកនោះទេ ប៉ុន្តែព្រោះគេត្រូវការស្វែងរកកៅអីដើម្បីលេង។

លោក Dan Ashworth បានប្រាប់ដូច្នេះ “ ការសម្រេចចិត្តរបស់ Jadon Sancho គឺជារឿងត្រឹមត្រូវទាំងសម្រាប់រូបគេនិងក្លិប។ យើងមានកីឡាករល្អ៤រូបរួចមកហើយ ហើយ Sancho ស្ថិតនៅលំដាប់ទី៥ អញ្ចឹងរូបគេពិបាកស្វែងរកនាទីលេង។ ដំណោះស្រាយនៅពេលនេះគឺរូបគេទៅលេងអោយក្លិបផ្សេង ហើយដំណោះស្រាយបន្ទាប់យើងនឹងឃើញនៅពេលចប់រដូវកាល។”

លោក Ashworth ក៏បានលើកឡើងទៀតថា ករណីរបស់ Sancho គឺដូចជាការចាកចេញរបស់ Scott McTominay ដែលចង់ស្វែងរកឱកាសចូលលេងទៀងទាត់មួយនៅ Napoli និង Aaron Wan-Bissaka ដែលចង់ស្វែងរកឱកាសនៅ West Ham ដូច្នេះដែរ ដោយក្លិបមិនបានបណ្តេញពួកគេចេញឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង