×

អ្នកគាំទ្រ Aston Villa តវ៉ារឿងក្លិបដំឡើងថ្លៃសំបុត្រ UEFA Champions League

សារព័ត៌មាន BBC បានផ្សព្វផ្សាយអោយដឹងថា អ្នកគាំទ្ររបស់ Aston Villa បាននាំគ្នាលើកការតវ៉ា រឿងក្លិបដំឡើងថ្លៃសំបុត្រ ចូលទស្សនាការប្រកួតពានរង្វាន់ UEFA Champions League ។

ក្លិបនៅលីគកំពូលអង់គ្លេសមួយនេះបានប្រកាសថា ការលក់សំបុត្រសម្រាប់ការចូលទស្សនាការប្រកួត UEFA Champions League នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះគឺមានតម្លៃ ៨៥ផោន, ៩៤ផោន និង ៩៧ ផោនសម្រាប់១ប្រកួត។ ចំណែកឯ អ្នកគាំទ្រដែលបញ្ជាទិញសម្រាប់មួយរដូវកាលក្នុងការប្រកួតនឹងទទួលបានតម្លៃពិសេសគឺ ៧០ផោន, ៧៩ផោន និង ៨២ផោន។

ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ដែលមាន៣៦ក្រុមនៅឆ្នាំនេះ Aston Villa នឹងធ្វើការប្រកួតក្នុងផ្ទះរបស់ខ្លួនទទួលក្រុម Bayern Munich , Bologna, Juventus និង Celtic នៅ កីឡដ្ឋាន Villa Park ក្រោយពីពួកគេខកខានបើកទ្វាផ្ទះធ្វើការប្រកួតពានរង្វាន់ធំប្រចាំតំបន់អឺរ៉ុបមួយនេះជាលើកដំបូងក្នុងរយៈពេល៤១ឆ្នាំ។

ជុំវិញរឿងនេះ ក្រុមអ្នកគាំទ្រ Aston Villa ដែលមានឈ្មោះថា AVST បានអះអាងថា ពួកគេនឹងជួបជាមួយនឹងក្លិបដើម្បីជួបគ្នាពិភាក្សាដោះស្រាយបញ្ហា តំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួត UEFA Champions League។

តម្លៃសំបុត្រសម្រាប់អ្នកគាំទ្ររបស់ Aston Villa នៅពេលប្រកួតក្នុងផ្ទះក្នុងពានរង្វាន់ English Premier League កន្លែងកម្រិត A វាមានតម្លៃ៩២ផោន និងកន្លែងធម្មតាមានតម្លៃ ៥៥ផោនប៉ុណ្ណោះ។ ខណៈដែលតម្លៃដែលក្លិបបានប្រកាសសម្រាប់ការទស្សនាការប្រកួត UEFA Champions League សម្រាប់កន្លែងធម្មតាវាស្ទើរតែស្មើនឹងតម្លៃនៃកម្រិត A ក្នុងការប្រកួតក្របខណ្ឌ Premier League ទៅហើយ នេះវាពិតជាធ្វើអោយអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំង។

ក្រុមមកពីអង់គ្លេស៣ទៀត ដែលត្រូវប្រកួត UEFA Champions League ដែរ រួមមាន Arsenal, Liverpool និង Manchester City ដោយក្នុងនោះតម្លៃសំបុត្ររបស់ Liverpool ចន្លោះពី ៣០ផោន ដល់ ៦១ផោន តម្លៃសំបុត្ររបស់ Arsenal ចន្លោះពី ៧៤,៣០ផោន ដល់ ១០៦,៨០ ផោន ហើយតម្លៃសំបុត្រ Manchester City ចន្លោះពី ៣៧,៥ផោន ដល់ ៦២,៥០ផោន។

Aston Villa នឹងចាប់ផ្តើមការប្រកួត UEFA Champions League ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះស្វីស Young Boys នៅថ្ងៃទី ១៧ ខែកញ្ញា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង