ក្លិប Man City នឹងធ្វើការត្រៀមទុកជាមុនប្រសិនបើមានលទ្ធភាព នៃការចាកចេញរបស់គ្រូបង្វឹកលោក Pep Guardiola ពិតជាកើតឡើងមែន នៅរដូវក្តៅ ឆ្នាំក្រោយ។
បុរសវ័យ៥៣ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Man City ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ខណៈកុងត្រារបស់លោក Pep ដែលបញ្ចប់នៅត្រឹមចុងរដូវកាល ២០២៤-២៥ មិនទាន់ត្រូវបានបន្តថ្មីនោះទេ ដោយកំពុងចាប់ផ្តើមការងារចរចាតែប៉ុណ្ណោះ។
លោក Pep បានបង្ហាញការដឹកនាំយ៉ាងល្អ ចាប់តាំងពីចូលកាន់តំណែងនៅ Man City ដោយបានជួយក្លិបឈ្នះគ្រប់ពានរង្វាន់ធំៗ។ យ៉ាងណា របាយការណ៍ពីគេហទំព័រ Daily Mirror បានអោយដឹងថា Man City ឥឡូវនេះកំពុងរៀបចំសម្រាប់ភាពចាំបាច់ បើសិនលោក Pep ត្រូវចាកចេញនៅរដូវកាលក្រោយ ដោយក្លិបបានត្រៀមចំណាយ ៣០០លានផោន ទិញកីឡាករកំពូលៗមកពង្រឹងក្រុមជាមុន។ ទោះជាក្លិបមានធនធានទិញកីឡាករល្អៗមកចូលរួម តែការស្វែងរកគ្រូបង្វឹកដែលអាចជំនួសលោក Pep Guardiola ជារឿងដែលស្ទើរតែមិនអាចទៅរួច។
អតីតគ្រូបង្វឹក Barcelona និង Bayern Munich ត្រូវបានចាត់ទុកជាគ្រូបង្វឹកល្អបំផុតនៅលើពិភពលោក ហើយការចាកចេញរបស់លោកនឹងធ្វើអោយ Man City មានភាពចុះខ្សោយ។ Man City មានមហិច្ឆតាឈ្នះពានរង្វាន់ជារៀងរាល់រដូវកាល។ ក្លិបនឹងត្រូវនាំយកគ្រូបង្វឹកលំដាប់កំពូលដែលអាចបន្តកេរ្តិ៍ដំណែលដែលលោក Pep Guardiola បានបង្កើតសម្រាប់នៅក្លិបនៃក្របខណ្ឌ Premier League មួយនេះ។
Man City កំពុងគ្រប់គ្រងបាល់ទាត់អង់គ្លេស ហើយក្លិបពិចារណាថា តើពួកគេអាចរក្សាកម្រិតកំពូលនេះទេ បន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកជនជាតិសញ្ជាតិអេស្ប៉ាញ។ ក្លិបក៏កំពុងមានក្រុមកីឡាករលំដាប់កំពូលទៅហើយ តែពួកគេចង់ចំណាយ ៣០០ លានផោនទៀត។ Man City បានរកមើលគោលដៅ ខ្សែប្រយុទ្ធដែលមានសមត្ថភាព និងខ្សែការពារដ៏មានគុណភាព។ របាយការណ៍ថ្មីៗនេះបានភ្ជាប់ពួកគេជាមួយកីឡាករដូចជា Alphonso Davies, Bryan Mbeumo និង Joshua Kimmich ។
ដោយឡែក Man City កំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាលោក Pep Guardiola អោយនៅជាមួយក្លិបបានយូរតាមដែលអាចធ្វើទៅបាន។ យ៉ាងណាក្តីលទ្ធផលនៃការបន្តកុងត្រាឬមិនបន្តនឹងធ្វើការសម្រេចចិត្ត នៅត្រឹមបុណ្យគ្រិស្តម៉ាសឆ្នាំនេះទាំងដែលភាពជោគជ័យរបស់លោក Pep រយៈពេល ៨ ឆ្នាំកន្លងមកនេះនឹងស្ថិតនៅក្នុងការសម្រេចចិត្តចុងក្រោយរបស់លោកទាំងអស់៕