អ្នកចាំទី Arijanet Muric របស់ Ipswich Town នៃក្របខណ្ឌ Premier League ត្រូវបានដកឈ្មោះចេញក្រុមជម្រើសជាតិកូសូវ៉ូ បន្ទាប់ពីបំពានវិន័យក្រុម។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានលេងឱ្យកូសូវ៉ូក្នុងការបរាជ័យក្រោមស្នាដៃក្រុមរូម៉ានី កាលពីថ្ងៃសុក្រ ប៉ុន្តែនឹងមិនមានឈ្មោះសម្រាប់ការប្រកួតជាមួយ Cyprus នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសហព័ន្ធបាល់ទាត់កូសូវ៉ូ បានបញ្ជាក់ថា Muric គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៣នាក់ដែលត្រូវបានបញ្ជូនមកផ្ទះមុនគេ បន្ទាប់ពីបំពានវិន័យរបស់ក្រុមជម្រើសជាតិ។ កីឡាករពីររូបទៀត រួមមាន Edon Zhegrova និង Florent Muslija ក៏បានចាកចេញពីជំរុំហ្វឹកហាត់ផងដែរ។
យ៉ាងណាមិញ Muric បានជំទាស់នឹងការសម្រេចចិត្តមួយនេះ ដោយប្រាប់កាសែតកូសូវ៉ូមួយ ថា៖ “ការសម្រេចចិត្តដែលធ្វើឡើងប្រឆាំងនឹងពួកយើង គឺអយុត្តិធម៌ ហើយពាក្យចចាមអារ៉ាមដែលកំពុងផ្សព្វផ្សាយគឺមិនពិតទាល់តែសោះ”។
អតីតអ្នកចាំទីរបស់ Burnley បានចូលរួមជាមួយ Ipswich កាលពីដើមរដូវកាល ក្នុងតម្លៃផ្ទេរប្រហែល ៨ លានផោន។ រូបគេបានអវត្តមានពីការប្រកួតបើកឆាករដូវកាលរបស់ Ipswich បន្ទាប់ពីរបួសក្នុងពេលហ្វឹកហាត់៕