នៅខណៈដែល Arsenal នឹងត្រូវជួបគូប្រជែងជើងខ្លាំងដូចជា Tottenham Hotspur នៅក្នុងជំនួបក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ ក្រុមកាំភ្លើងធំបានជួបដំណឹងមិនល្អនោះគឺ សមាជិកថ្មីគឺខ្សែការពារ Riccardo Calafiori បានរងរបួសទៅហើយ។
កីឡាករវ័យ ២២ឆ្នាំ បានរងរបួសកំភួនជើង ក្នុងការប្រកួតពានរង្វាន់ UEFA Nations League ដែលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានផ្តួលក្រុមម្ចាស់ផ្ទះបារាំង។ ជាក់ស្តែង Riccardo Calafiori ដែលអាចលេងបានតួនាទីការពារកណ្តាល និង ការពារស្លាបឆ្វេងរូបនេះ បានរងរបួសបញ្ហាកំភួនជើង និង ត្រូវបោះបង់ការប្រកួតកំលុងនាទីទី ៧១ សម្រាប់ការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅ នៅកីឡដ្ឋាន Parc Des Princes ទីក្រុងប៉ារីស។
ដំបូងឡើយរបួសរបស់ Riccardo Calafiori ត្រូវបានវាយតម្លៃថាមិនធ្ងន់ធ្ងរនោះទេ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យក្រុមអ៊ីតាលីពី។ ជាមួយគ្នានោះ គ្រូបង្វឹកក្រុមអ៊ីតាលី លោក Luciano Spalletti ផ្ទាល់បានបញ្ជាក់ថា Riccardo ឆ្លងកាត់ការវាយតម្លៃពីក្រុមគ្រូពេទ្យហើយ សង្ឃឹមថារូបគេនឹងត្រលប់មកជួយក្រុមនៅ ការប្រកួតបន្ទាប់។
ផ្ទុយទៅវិញ Riccardo Calafiori បានខកខានហ្វឹកហាត់ ហើយក៏បានខកខានការប្រកួតពានរង្វាន់ UEFA Nations League ដែលអ៊ីតាលី ឈ្នះ អ៊ីស្រអែល ដោយលទ្ធផល ២-១។
សាមីកីឡាករ នឹងវិលត្រលប់ទៅកាន់ទៅទីក្រុងឡុងដ៍វិញ មុនពេលត្រូវវាយតម្លៃសាជាថ្មីដោយក្រុមគ្រូពេទ្យរបស់ Arsenal ។
អតីតកីឡាករ Bologna បានបង្ហាញខ្លួនបាន ២ ដងសម្រាប់ Arsenal ក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ នេះ ក្រោយចាកចេញពីក្លិបនៅក្របខណ្ឌ Serie A មកកាន់ទឹកដី Emirates ក្នុងតម្លៃផ្ទេរកំនត់ត្រា៤២លានផោន។
ដោយសារបញ្ហានេះ រូបគេនៅមិនទាន់ច្បាស់ថានិងអាចលេងទល់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏រួមគ្នាគឺ ក្រុមម្ចាស់ផ្ទះ Tottenham Hotspur ឬយ៉ាងណានោះទេ។
បច្ចុប្បន្ន Arsenal កំពុងឈរលេខ ៤ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ ដោយមាន៧ពិន្ទុ ខណៈ Tottenham Hotspur កំពុងឈរលេខ១០ មាន៤ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួតដូចគ្នា៕